អ្នក​ដែល​ធ្លាប់​ឆ្លង​ COVID-19 ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ធ្វើ​ទាហាន​អស់​មួយ​ជីវិត​

អ្នក​ដែល​ធ្លាប់​ឆ្លង​ COVID-19 ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ធ្វើ​ទាហាន​អស់​មួយ​ជីវិត​

សហរដ្ឋ​អាមេរិក​៖ “អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​វីរុស​COVID-19 នឹង​លែង​​មាន​ឱកាស​​ចូល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​អស់​មួយ​ជីវិត​ បើ​ទោះ​បី​ពួក​គេ​បាន​ព្យាបាល​ជាសះស្បើយ​ហើយក៏ដោយ​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​បញ្ច​កោណ​។

បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​បញ្ជាការដ្ឋាន​គ្រប់​គ្រង​ការ​ជ្រើស​រើស​ទាហាន​ថ្មី​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ MEPCOM (United States Military Entrance Processing Command) ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពីម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ​”នៅក្នុង​ដំណាក់​កាល​វាយ​តម្លៃ​ឯកសារ​ និង​ពិនិត្យ​សុខភាព​ អ្នក​ដែល​ធ្លាប់​ឆ្លង​វីរុស​COVID-19 ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​លិខិត​ធ្វើ​តេស្ត​សុខ​ភាព ឬ​ការធ្វើរោគវិនិច្ឆ័យ​​នៅ​ឯមន្ទីរពេទ្យ​ នឹង​ត្រូវ​បាន​បដិសេធ​ជា​រៀង​រហូត​”។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ លោក​ស្រី​ Jessica Maxwell បាន​ទទួល​ស្គាល់​ខ្លឹមសារ​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នោះ​ ប៉ុន្តែ​បាន​អះអាង​ថា អ្នក​ធ្លាប់​ឆ្លង​មេរោគ​COVID-19 អាច​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​ដើម្បី​អាច​បាន​ចូល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​ ប៉ុន្តែ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​បទ​បញ្ជា​ថ្មី​ស្ដី​អំពី​ករណី​លើក​លែង​នៅ​ឡើយ​ ហើយ​ MEPCOM មិន​មានសិទ្ធិ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​ករណី​លើក​លែង​នោះ​ទេ​។

មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិ​ន​អធិប្បាយ​អំពីមូលហេតុ​នៃ​ការ​ហាម​ឃាត់​នេះ​ ខណៈ​ដែល​អ្នក​ធ្លាប់​មាន​ជំងឺ​​ដែល​បង្ក​ឡើង​ដោយ​វីរុស​ដទៃ​ នៅ​តែ​អាច​ចូល​បម្រើ​ការ​ក្នុង​កង​ទ័ព​ជាធម្ម​តា​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​និង​ដែន​ដី​ជាង​210​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​3.8​លាន​នាក់​ឆ្លង​មេរោគ​ និង​265,000​នាក់​បាន​បាត់​បង់ជីវិត​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជិត​1.3​លាន​នាក់​។ ដោយ​ឡែក​ កង​ទ័ព​អាមេរិកាំង​​ជិត​5,000​នាក់​​បាន​ឆ្លង​វីរុស​​នេះ​ដែរ​ ក្នុង​នោះ​មាន​100​នាក់​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ និង​2​នាក់​បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement