អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​

អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​ លោក Mike Pompeo បាន​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​អតីត​ទាហាន​ពិសេស​អាមេរិកាំង​2​រូប​ដែល​សង្ស័យ​ថា​ត្រូវ​បាន​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​​នា​ពេល​ថ្មី​ៗ​នេះ​។

>ព័ត៌មាន​ទាក់​ទង: អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

“យើង​នឹង​ចាប់​ផ្ដើម​​ធ្វើ​ការ​កំណត់​យុទ្ធ​សាស្ត្រ​ដើម្បី​រំដោះ​ បើ​សិន​ជា​ជន​ជាតិ​អាមេរិកាំង​ត្រូវ​វ៉េណេ​ស៊ុយ​អេឡា​ចាប់ខ្លួន​”។ លោក Mike Pompeo​ ថ្លែង​បែប​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​និយាយ​អំពី​ការ​ប្រកាស​របស់​ទីក្រុង​ Caracas ដែល​ថា​ ពួកគេ​កំពុង​ឃុំ​ខ្លួន​អតីត​ទាហាន​ពិសេស​អាមេរិកាំង​2​រូប​ ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​ឆ្មក់​មិន​បាន​សម្រេច​មួយ​​នៅ​ឆ្នេរសមុទ្រ​ប្រទេស​នេះ​​កាល​ពីថ្ងៃទី​4​ឧសភា​។

លោក Mike Pompeo​ អះអាង​ថា សហរដ្ឋអាមេរិក​ចង់​នាំ​ពលរដ្ឋ​ទាំង​អស់​របស់​ខ្លួន​ត្រឡប់​មក​ស្រុក​វិញ​។ លោក​ថា “បើសិន​ជា​រដ្ឋាភិបាលរបស់​លោក Maduro សម្រេច​ចិត្ត​ឃាត់​ខ្លួន​ពួកគេ​ សហរដ្ឋ​អាមេរិកនឹង​ប្រើ​គ្រប់​មធ្យោបាយ​​ដែល​មា​ន​ស្រាប់​ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​មក​ប្រទេស​វិញ​ឱ្យ​បាន​​”។

ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា លោក Nicolas Maduro កាល​ពីថ្ងៃទី​4ឧសភា បាន​ប្រកាស​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ​បាន​ទប់​ស្កាត់​ “​ការ​ឈ្លាន​ពាន​” ពី​ដែន​សមុទ្រ​ ហើយ​បាន​កម្ទេច​ទាហាន​ស៊ីឈ្នួល​8​នាក់ និង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ជា​ច្រើន​នាក់​​ រួម​ទាំង​​​ពលរដ្ឋ​អាមេរិកាំង​2នាក់​ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ Luke Denman អាយុ​34​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Airan Berry អាយុ​41​ឆ្នាំ​។

អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​
ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា លោក Nicolas Maduro

ទូរទស្សន៍​វ៉េណេស៊ុយអេឡា​ កាល​ពី​ម្សិល​មិញ​បាន​ចាក់​ផ្សាយ​វីដេអូ​មួយ​ដែល​មាន​ឈ្មោះ​ Luke Denman កំពុង​សារ​ភាព​កំហុស​របស់​ខ្លួន​។ នៅក្នុង​វីដេអូ​នោះ Denman បាន​ឱ្យ​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​អតីត​ទាហានពិសេស​​អាមេរិកាំង​ឈ្មោះ Jordan Goudreau ជ្រើសរើស​កាល​ពី​ខែ​ធ្នូ2019 ដោយ​សន្យា​ថា​ នឹង​ឱ្យ​ប្រាក់​ឈ្នួល​100,000​ដុល្លារ​ដើម្បី​បង្វឹក​ខ្មាន់​កាំភ្លើង​រាប់​សិប​នាក់​ ក្នុង​បំណង​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ​មួយ​នៅ​ទីក្រុង​ Caracas ដើម្បី​ចាប់​ជំរឹត​ និង​នាំ​ខ្លួន​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​​ លោក Nicolas Maduro ទៅ​​កាន់​សហរដ្ឋ​អាមេរិក​។ Denman ក៏​បាន​​និយាយ​ថា “ប្រធានាធិបតី​ Donald Trump” នៅ​ពី​ក្រោយ​ការ​វាយ​ឆ្មក់​នេះ​។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​វ៉េណេស៊ុយ​អេឡា​ Tarek William Saab មុន​នោះ​បាន​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ដែល​មាន​លោក Juan Guaido​ ជា​ដើមថា បាន​ចុះ​កិច្ច​សន្យា​ជួល​ទាហាន​ស៊ី​ឈ្នួល​ ដោយ​ប្រើ​ប្រាស់​ខ្ទង់​ប្រាក់​ពី​គណនី​របស់​បណ្ដា​ក្រុម​ហ៊ុន​ប្រេង​របស់​រដ្ឋ​ដែល​កំពុង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​កាន់កាប់​។ លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​អំពី​រូប​ភាព​នៃ​កិច្ច​សន្យា​រវាង​ Guaido និង​ Goudreau ដើម្បី​ជា​ភ័ស្ដុតាង​ទៀត​ផង។

ភាគី​អាមេរិកាំង​ មាន​ប្រធានាធិបតី​ Donald Trump និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ Mark Esper រួម​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​ Mike Pompeo សុទ្ធ​តែបាន​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ភាគី​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ខ្នង​ការ​វាយ​ឆ្មក់​​របស់​ក្រុម​ទាហាន​ស៊ី​ឈ្នួល​​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

Advertisement