Kim Jong-un បង្ហាញ​ខ្លួន​

Kim Jong-un បង្ហាញ​ខ្លួន​

បន្ទាប់​ពី​បាន​បាត់​ខ្លួន​រយៈ​ពេល​20​ថ្ងៃ និង​បាន​ធ្វើ​ឱ្យ​ពិភពលោក​រំជើប​រំជួល ចុង​ក្រោយ​ លោក​ Kim Jong-un ក៏​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ពោធបើក​​ដំណើរ​ការ​រោង​ចក្រ​ផលិត​ជីមួយ​ កាលពី​ម្សិល​មិញ (1ឧសភា)។

មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក Kim Jong-un បាន​កាត់​ខ្សែបូក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ជី​ Sunchon ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចម្ងាយ​​50​គម​ទៅ​ទិស​ខាង​ជើងនៃ​​រដ្ឋធានី​ព្យុង​យ៉ាង​ ក្នុង​ថ្ងៃ​ពលកម្ម​អន្តរ​ជាតិ​ 1ឧសភា​។

ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNA បាន​រាយ​ការណ៍​ក្នុង​ថ្ងៃ​នេះ​ (2ឧសភា)​ថា អ្នក​ដែល​មាន​វត្តមាន​ទាំង​អស់ បាន​នាំ​គ្នា​ស្រែក​កញ្ជ្រៀវ នៅ​ពេល​លោក​ Kim Jong-un បាន​បង្ហាញ​ខ្លួន​។ មេដឹកនាំ​កូរ៉េខាង​ជើង​ ក៏​បាន​ធ្វើ​ទស្សនកិច្ច​​រោង​ចក្រ​នេះ និង​ត្រូវ​បាន​ “​ណែនាំ​ទ្រួស​ៗ​អំពី​ដំណើរ​ការ​នៃ​ការ​ផលិត​ផងដែរ​។

KCNA បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​មន្ត្រី​ដែល​បាន​អម​ដំណើរ​លោក Kim Jong-un ចូល​រួម​ពិធី​សម្ពោធ​នេះ ក៏​មាន​វត្តមាន​​​ប្អូន​ស្រី​របស់​លោក​ គឺ​លោក​ស្រី​ Kim Yo-jong ផងដែរ​។ មេដឹក​នាំ​រួម​នេះ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ជាមួយ​នឹង​រោង​ចក្រ​ផលិត​ជី​មួយ​នេះ។

កូរ៉េខាង​ជើង​​គឺជា​ប្រទេស​អាថ៌កំបាំង​បំផុត​នៅ​លើ​ភព​ផែន​ដី ដោយ​ពិភពលោក​​អាច​តាម​ដាន​ព័ត៌មាន​អំពី​មេដឹក​នាំ​ប្រទេស​នេះតាម​រយៈ​សារ​ព័ត៌​មាន​របស់​រដ្ឋ​កូរ៉េខាង​ជើង​តែ​ប៉ុណ្ណោះ​។

នេះ​គឺជា​លើក​ដំបូង​ហើយដែល​លោក Kim Jong-un បាន​បង្ហាញវត្តមាន​ បន្ទាប់​ពី​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​20​ថ្ងៃ​។ ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​បាន​កើត​ឡើង​​ ទាក់​ទិន​នឹង​សុខ​ភាពរបស់​លោក​ Kim Jong-un​​ ដោយ​សារ​តែ​​អវត្ត​មាន​របស់​លោក​ ក្នុង​នោះ​មាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ជា​ច្រើន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺ​បេះ​ដូង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement