Kim Jong-un កំពុង​បាត់​ខ្លួន​ព្រោះ​​វះកាត់​បេះ​ដូង​​! សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​​កំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ

Kim Jong-un កំពុង​បាត់​ខ្លួន​! សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​​កំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ

សហរដ្ឋ​អាមេរិក និង​កូរ៉េខាង​ត្បូង​ កំពុង​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែល​ថា មេដឹក​នាំ​កូរ៉េខាងជើង​ លោក Kum Jong-un កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​វះកាត់ព្យាបាល​ជំងឺ​។

សារ​ព័ត៌មាន​ CNN ដក​ស្រង់​សម្ដី​មន្ត្រី​អាមេរិកាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ បាន​ឱ្យ​ដឹង​ថា ទីក្រុង Washington កំពុង​តែ​ស្វែង​យល់​​ព័ត៌មាន​សម្ងាត់​ស្ដីអំពី​មេដឹក​នាំ​កូរ៉េខាង​ជើង​ ស្ថិត​ក្នុង​ស្ថាន​ភាព​ “គ្រោះ​ថ្នាក់​” ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​ព្យាបាល​រោគ​។ ប៉ុន្តែ ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ និង​ការិយាល័យ​អគ្គនាយកនៃ​​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ បដិសេធ​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទងនឹង​បញ្ហា​នេះ​។

មុន​នេះ ទំព័រ​ Daily NK ដែល​ជា​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ស្ដីអំពី​កូរ៉េខាង​ជើង​ ដក​ស្រង់ប្រភព​ព័ត៌មាន​សម្ងាត់​ក្នុង​ប្រទេស​នេះ​ បាន​ឱ្យ​ដឹង​ថា Kim Jong-un កំពុង​តែ​សម្រាក​ព្យាបាល​​នៅក្នុង​ភូមិ​គ្រឹះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​លម្ហែ​កាយ​ លើភ្នំ​ Kumgang នៃ​ខេត្ត Hyangsan បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​ព្យាបាល​បេះដូង​នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅក្បែរ​នោះ​កាល​ពី​ថ្ងៃទី​12​មេសា​កន្លងទៅ​។ Daily NK បាន​ឱ្យ​ដឹង​ថា​សុខ​ភាព​របស់​លោក Kim Jong-un មាន​ស្ថានភាព​អាក្រក់​ទៅ​ៗ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​លោក​ជក់​បារីច្រើន​​ ធាត់ជ្រុល​ និង​ធ្វើ​ការ​ហួស​កម្លាំង​ខ្លាំង​ពេក​។

“អ្វី​ដែល​ខ្ញុំបាន​ដឹង​នោះ​គឺថា គាត់​បាន​ប្រឈម​នឹង​បញ្ហាសុខ​ភាព​បេះ​ដូង​យ៉ាង​​ធ្ងន់​ធ្ងរ​​ចាប់​ពី​ខែ​សីហា​ឆ្នាំមុន ប៉ុន្តែ ស្ថាន​ភាព​ជម្ងឺ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ក្រោយ​ពី​បាន​មក​កាន់​ភ្នំ Paektu​ ជា​ច្រើន​លើក​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ច៣​ឈ្មោះ​ ដែល​និយាយ​អំពី​​លោក Kim Jong-un និង​ភ្នំ​ដ៏​ពិសិដ្ឋ​នៅ​កូរ៉េខាង​ជើង​។

រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ក៏កំពុង​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ខាងលើ​នេះ​ដែរ​។ មន្ត្រី​មក​ពី​ក្រសួង​បម្រួប​បង្រួម​កូរ៉េខាង​ត្បូង​ និង​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​នៅឡើយ​។

អវត្តមាន​មិន​ធម្មតា​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​ក្នុង​មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​មាន​លេច​ឮ​ព័ត៌មាន​ថា​ លោក​កំពុង​មាន​បញ្ហា​សុខ​ភាព​។ លោក Kim Jong-un មិន​បាន​បង្ហាញ​ខ្លួន​ក្នុង “​ថ្ងៃ​នៃ​ព្រះ​អាទិត្យ​” កាល​ពី​ថ្ងៃទី​15​មេសា ដែល​ជា​​​ថ្ងៃខួប​​កំណើត​របស់​លោក​ Kim Il-sung និង​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏សំខាន់​​របស់​កូរ៉េខាងជើង​។

មុន​នេះ​មួយ​ថ្ងៃ កូរ៉េខាង​ជើង​ក៏បាន​បាញ់​មីស៊ីល​​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ ដែល​នេះ​ត្រូវ​បាន​កូរ៉េខាង​ត្បូង​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ជាតិ​ខាងលើ​របស់​កូរ៉េខាង​ជើង​​។ ព្រឹត្តិការណ៍​សំខាន់​ៗ​បែបនេះ​ ជាទូទៅ​តែង​មាន​វត្តមាន​របស់​លោក Kim Jong-un ក៏ប៉ុន្តែ សារ​ព័ត៌មាន KCNA មិន​បាន​និយាយ​អ្វី​អំពី​ការ​សាក​ល្បង​មីស៊ីល​ខាង​លើនេះ​នោះ​ទេ​។ មេដឹកនាំ​កូរ៉េខាង​ជើង​ក៏បាន​អវត្តមាន​នៅ​ក្នុង​​កិច្ច​ប្រជុំ​​សំខាន់​មួយ​ក្នុង​រដូវ​ក្ដៅ​​​របស់​ក្រុម​ប្រឹក្សា​ប្រជាជន​ជាន់​ខ្ពស់​ដែល​​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មេសា​​ ​នៅ​មុន​ “ថ្ងៃ​នៃ​ព្រះអាទិត្យ”។

Kim Jong-un បង្ហាញ​ខ្លួន​ជា​លើក​ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ដែល​ពេល​នោះ​ លោក​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​​មួយ​នៃ​ក្រសួង​នយោបាយ​​នៃ​បក្ស​ពលករ​កូរ៉េខាង​ជើង​ កាល​ពីថ្ងៃទី​11​មេសា​។ Daily NK ផ្សាយ​ថា លោក​ Kim Jong-un បាន​ចូល​មន្ត្រី​ពេទ្យ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​។

សូម​រំឭក​ថា លោក Kim Jong-un ធ្លាប់​បាន​បាត់​ខ្លួន​ជាង​1ខែ​កាល​ពី​ឆ្នាំ​2014 នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា លោក​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​។ ក្រោយ​មក​ មេដឹកនាំ​រូប​នេះ ក៏បាន​ចេញ​មក​ដឹក​នាំ​ប្រទេស​ឡើង​វិញ ដោយ​ស្ថិត​ក្នុង​សភាព​កាន់​ឈើ​ច្រត់​។ កាល​ណោះ​ អ្នកយក​ការណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា លោក Kim Jong-un បាន​វះកាត់​​ដុំ​ពក​នៅ​ត្រង់​ក​ជើង​​៕

ប្រភព៖ CNN, Reuters, AP

Advertisement