មហាក្សត្រ រួមនឹងមហេសីរបស់ប្រទេសម៉ាឡេស៊ី ដឹកនាំកម្មវិធីព័ត៌មានទូរទស្សន៍ក្នុងម៉ោងពិសេស និងទទួលបានការកោតសរសើរពីប្រជាជនយ៉ាងខ្លាំង។
មហាក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និងមហេសី Tunku Azizah Aminah Maimunah Iskandariah កាលពីថ្ងៃទី 17 មករា 2024 បានបង្ហាញព្រះកាយក្នុងកម្មវិធីព័ត៌មាននៅវេលាម៉ោង 20 របស់ទូរទស្សន៍ TV3។ កម្មវិធីរាយការណ៍ព័ត៌មាននេះត្រូវបានថតជាមុននៅពេលព្រឹកថ្ងៃដដែល ពេលទ្រង់យាងទៅធ្វើទស្សនកិច្ចក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Media Prima Group ដែលជាស្ថាប័នគ្រប់គ្រងទូរទស្សន៍ TV3 នៅ Selangor។
ក្នុងអំឡុង 10 នាទីនៃការដឹកនាំកម្មវិធីព័ត៌មាន មហាក្សត្រ Abdullah ព្រះជន្ម 64 វស្សា និងមហេសី បានដឹកនាំសេចក្ដីរាយការណ៍ព័ត៌មានចំនួនបី ដែលចាប់ផ្ដើមដោយការសម្ភាសជាមួយនឹងប្រជាជនម៉ាឡេស៊ី ទាក់ទងនឹងសាមគ្គីភាព។
ក្នុងសេចក្ដីរាយការណ៍ព័ត៌មានទីពីរ មហាក្សត្រ និងមហេសីរបស់ម៉ាឡេស៊ី មានបន្ទូលអំពីតួនាទីរបស់ត្រីប្រាចំពោះសេដ្ឋកិច្ច និងទេសចរណ៍នៅ Pahang។ ចុងក្រោយ ទ្រង់ទាំងពីរអង្គមានបន្ទួលអំពីដំណើរទស្សនកិច្ចរបស់ទ្រង់នៅ Media Prima Group។
ការដឹកនាំកម្មវិធីព័ត៌មានរបស់មហាក្សត្រ និងមហេសីម៉ាឡេស៊ី ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម។ អ្នកខ្លះនិយាយថា ពួកគេមានមោទកភាពយ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់មហាក្សត្រ និងមហេសី៕