ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជិត 80 នាក់​នៅ​យេ​ម៉ែន ពេល​ចែក​អំណោយ

កងកម្លាំង Houthi បានឱ្យដឹងថា យ៉ាងតិចណាស់​មាន​មនុស្ស 79 នាក់​បាន​ស្លាប់ និង​ជាង 100 នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នៅ​រដ្ឋធានីសាណា។

«ហេតុការណ៍​កើតឡើង​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនួញ​នៅ​រដ្ឋធានី សាណា​» ស្ថាប័ន​មហាផ្ទៃ​របស់​កងកម្លាំង Houthi នៅ​យេ​ម៉ែន នា​ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ។ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​ក្រុម​អ្នក​ចែក​អំណោយ​ក៏​ត្រូវបាន​ចាប់ខ្លួន។ ចំណែក​ក្រុមមន្ត្រី Houthi ក៏បាន​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ។

ពិធី​ចែក​អំណោយ​នេះ​ធ្វើឡើង​មុន​ថ្ងៃបុណ្យ Eid al-Fitr ដែលជា​ថ្ងៃ​​បញ្ចប់​រដូវ​បុណ្យ​រ៉ា​ម៉ា​ដាន​របស់​អ៊ីស្លាម​សាសនិក។

សង្គ្រាម​បាន​ផ្ទុះឡើង​នៅ​យេ​ម៉ែន​ចាប់ពី​ចុងឆ្នាំ 2014 នៅពេល​កងកម្លាំង Houthi គ្រប់គ្រង​ដែនដី​ជាច្រើន​នៅ​ប្រទេស​នេះ រួមទាំង​រដ្ឋធានី​សា​ណា។ សម្ព័ន្ធ​យោធា​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចូលធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែន​ចាប់ពី​ខែមីនា 2015 ដើម្បី​ប្រឆាំង Houthi និង​ពង្រឹង​រដ្ឋាភិបាល​ដែល​អន្តរជាតិ​ទទួលស្គាល់​របស់​ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស។

ផែនទីបង្ហាញអំពី​ប្រទេស​យេម៉ែន

ក៏ប៉ុន្តែ Houthi នៅតែ​កាន់កាប់​ទឹកជា​ច្រើន​តំបន់​របស់​យេ​ម៉ែន ក្នុងនោះ​ក៏មាន​រដ្ឋធានី​សា​ណា និង​បន្ត​វាយប្រហារ​លើទឹក​ដី​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​សងសឹក។ សង្គ្រាម​នៅ​យេ​ម៉ែន​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​ជាង 150,000 នាក់ ក្នុងនោះ​មាន​ជាង 14,000 នាក់​ជា​ជន​ស៊ីវិល។

សង្គ្រាម​ខាងលើ​ក៏​រុញច្រាន​យេ​ម៉ែន​ឱ្យ​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស។ អង្គការសហប្រជាជាតិ​បាន​ហៅ​គ្រោះ​អត់ឃ្លាន​នេះ​ថា​ជា​សោកនាដកម្ម​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​លើ​ពិភពលោក និង​បានឱ្យដឹងថា មនុស្ស​ជាង 21.7 លាន​នាក់ ស្មើនឹង 2/3 នៃ​ចំនួន​ប្រជាជន​សរុប​នៅ​យេ​ម៉ែន ត្រូវការ​ជំនួយ​មនុស្សធម៌​នៅក្នុង​ឆ្នាំនេះ៕

Advertisement