យន្តហោះ និង​នាវាយោធា​​ចិន​ជាង 100 គ្រឿង បង្ហាញខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់

ប្រធានាធិបតី​ចិន លោក Xi Jin-ping, មេដឹក​នាំ​កោះតៃវ៉ាន់ លោក​ស្រី Tsai Ing-wen និង​ប្រធានាធិបតី​អាម៉េរិក លោក Joe Biden

ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់ បាន​រកឃើញ​យន្តហោះ​យោធា​ចំនួន​ 91 គ្រឿង និង​នាវា​យោធា 12 គ្រឿង​របស់​ចិនដីគោក ធ្វើ​សកម្មភាព​នៅ​បណ្ដា​តំបន់​ជុំវិញ​កោះ​នេះ​នៅក្នុង​មួយថ្ងៃ។

«គិត​ត្រឹម​ម៉ោង 18 ថ្ងៃទី 10 មេសា យើង​បាន​រកឃើញ​យន្តហោះ​យោធា 91 គ្រឿង និង​នាវា​យោធា 12 គ្រឿង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ យន្តហោះ 54 គ្រឿងក្នុង​ចំណោម​នោះ បាន​ឆ្លង​បន្ទាត់​កណ្ដាល​នៅ​ច្រក​សមុទ្រ ឬ​ធ្វើដំណើរ​ចូលក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស។ កងកម្លាំង​ការពារ​បាន​តាមដាន​ស្ថានការណ៍ និង​ដាក់ពង្រាយ​កម្លាំង​ដើម្បី​ជា​ប្រតិកម្ម» ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់​ឱ្យដឹង​ដូច្នេះ។

របាយការណ៍​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​កងទ័ព​ចិន​ប្រកាសថា បានបញ្ចប់​ព្រឹត្តិការណ៍​សមយុទ្ធ​បី​ថ្ងៃ​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បណ្ដា​តំបន់​សមុទ្រ​នៅ​ជុំវិញ​កោះ​នេះ។

ថ្វីបើ​ចិនដីគោក​បានប្រកាសថា​បាន​បញ្ចប់​សមយុទ្ធ​ដែល​ប្រើប្រាស់​សេណារីយោ «ឡោមព័ទ្ធ​កោះ» ហើយ​ក្ដី ភាគី​ចិន​ដី​កោះ​តៃវ៉ាន់​នៅតែ​បញ្ជាក់ថា នឹង​បន្ត​ការតាមដាន​ស្ថានការណ៍ និង​បង្កើន​សមត្ថភាព​ត្រៀម​​ប្រយុទ្ធ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​យន្តហោះ​របស់​ប្រទេស​ចិន នៅ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក ភាគ​ខាង​លិច​កោះ​តៃវ៉ាន់

សមយុទ្ធ​របស់​ចិនដីគោក​ត្រូវបាន​ធ្វើឡើង​ក្រោយពី​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ជួបពិភាក្សា​ការ​ងារ​ជាមួយ​ប្រធានសភា​ជាន់​ទាប​អាម៉េរិក Kevin McCarthy នៅ California កាលពី​ថ្ងៃ​តី 05 មេសា ដែលជា​ជំនួប​ដំបូង​រវាង​មេដឹកនាំ​សភា​ជាន់​ទាប​អាម៉េរិក និង​មេដឹកនាំ​កោះ​តៃវ៉ាន់ នៅលើ​ទឹកដី​អាម៉េរិក។

ប្រទេស​ចិន​ប្រកាសថា តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ និង​មិន​រំលង​ចោលការ​ប្រើប្រាស់​កម្លាំងបាយ បើសិន​ចាំបាច់។ ចំណែក​តៃវ៉ាន់​វិញ​ក៏បាន​អះអាងថា មានតែ​ប្រជាជន​របស់​ពួកគេ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​វាសនា​អនាគត​របស់​កោះ​នេះ៕

Advertisement