Putin ស្នើឱ្យ​លោកខាងលិច ឈប់​ធ្វើ​អន្តរាគមន៍ លើ អា​ហ្វ​ហ្គា​នី​ស្ថាន

លោក Putin បានស្នើ​ឱ្យ​ក្រុម​ប្រទេស​លោកខាងលិច ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន និង​ថា លោកខាងលិច «ត្រូវតែ​បញ្ចប់​គោលនយោបាយ​គ្មាន​ការទទួលខុសត្រូវ» របស់​ពួកគេ។

«មិនអាច​ហៅ​វា​ថា​ជា​ជោគជ័យ» ប្រធានាធិបតី រុស្ស៊ី Vladimir Putin និយាយ​ដូច្នេះ​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Angel Merkel នៅ​វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី 20 សីហា ពេល​ត្រូវបាន​សួរ​ដល់​អន្តរាគមន៍​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ករណី​ភេរវកម្ម ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។

«ប៉ុន្តែ ការយកចិត្តទុកដាក់​នាបច្ចុប្បន្ន​របស់​យើង គឺ​មិនមែន​វាយតម្លៃ​អំពី​បញ្ហា​នេះ ឬ​ចាត់ទុកជា​បរាជ័យ។ យើង​ចង់ឱ្យ​ស្ថាន​ករ​ណ៍​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ស្ថេរភាព» លោក Putin បន្ថែម។

ប្រធានាធិបតី រុស្ស៊ី ក៏បាន​សម្ដែង​ការព្រួយបារម្ភ ចំពោះ​ក្រុម​ប្រដាប់អាវុធ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​អាច​ព្យាយាម​ចូលក្នុង​ទឹកដី​នៃ​ប្រទេសជិតខាង ក្រោមរូបភាព​ជា​ជនភៀសខ្លួន។

លោក Putin ក៏បាន​រិះគន់​លើ​ការគាំទ្រ​របស់​ប្រទេស​លោកខាងលិច ចំពោះ​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ ដោយ​បញ្ជាក់ថា ការព្យាយាម «កសាង​មូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដទៃ ទៅតាម​គំរូ​របស់​បរទេស» នឹង​ទទួលបាន​ឥទ្ធិពល​បញ្ច្រាស។ លោក​ស្នើឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច មិន​ធ្វើ​អន្តរាគមន៍​លើ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី​រដ្ឋធានី​កា​ប៊ុល ត្រូវបាន​កាន់កាប់​ដោយ តា​លី​បង់។ លោក Putin សង្កត់ធ្ងន់ថា លោកខាងលិច «ត្រូវតែ​បញ្ចប់​គោលនយោបាយ​គ្មាន​ការទទួលខុសត្រូវ» ទាក់ទិន​នឹង​ការដាក់​តម្លៃ​ពី​បរទេស ខ្ពស់​ហួរ​ហេតុ។

ការ​ថ្លែង​ដូច្នេះ ទំនងជា​ចង់​សំដៅ​ទៅលើ​ការខ្វែងគំនិត​គ្នា​រវាង រុស្ស៊ី និង​លោកខាងលិច ទាក់ទិន​នឹង​បញ្ហា​ប៉ះទង្គិច​គ្នា​នៅ ស៊ី​រី និង លី​ប៊ី ឬ​បាតុកម្ម​នៅ រុស្ស៊ី ពេលដែល​លោក Putin បាន​ចោទ​លោកខាងលិច​ថា គាំទ្រ​ក្រុមប្រឆាំង​នៅ មូ​ស្គូ។

លោក Putin និយាយថា លោក​សង្ឃឹមថា តា​លី​បង់ នឹង «ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​ក្រុម​អ្នកការទូត​បរទេស» ហើយ អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមិន​ដួលរលំ បន្ទាប់ពី អាមេរិក ដកទ័ព៕

Advertisement