រុស្ស៊ី​នឹង​ជួយ​វៀតណាម​ក្នុងការ​អភិវឌ្ឍបច្ចេក​វិទ្យា​ស្រាវជ្រាវ​នុយក្លេអែរ​ថ្មី

ឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha (ស្ដាំ) និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Chernyshenko នៅប្រទេសវៀតណាមកាលពីថ្ងៃទី 06 មេសា 2023

គម្រោង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេក​វិ​ទ្យ​នុយ​ក្លេ​អែរ (CNST) និង​រោងចក្រ​ស្រាវ​ជ្រាវ​ថ្មី​នៅ​វៀតណាម កំពុង​ត្រូវបាន​រដ្ឋាភិបាល​រុស្ស៊ី និង​វៀតណាម​ពិភាក្សា​ដើម្បី​ឈានដល់​ការចុះ​កិច្ចព្រមព្រៀងនា​ពេល​ខាងមុខ។

ព័ត៌មាន​នេះ​ត្រូវបាន​ចែករំលែក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Chernyshenko Dmitry Nikolaevich និង​ក្រុមការងារ នៅ​វិទ្យាស្ថាន​ថាមពល​អាតូមិក​​វៀតណាម របស់​ក្រសួង​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា កាលពី​ព្រឹក​ថ្ងៃទី 07 មេសា។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VNExpress។

ក្នុងជំនួប​ខាងលើ អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​វៀតណាម បាន​សង្កត់ធ្ងន់ថា វៀតណាម និង​រុស្ស៊ី​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​ភាគី​ទាំងពីរ​បាន​សហការ ​រួម​មាន ថាមពល​អា​តូ​មិ​ក បច្ចេកវិទ្យា​ជីវសាស្ត្រ វត្ថុ​ធាតុ​ថ្មី អេ​ឡិច​ត្រូ​និ​ច និង​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។ល។

ក្នុង​វិស័យ​ថាមពល​អា​តូ​មិ​ក អតីត​សូ​វៀត​ធ្លាប់បាន​ជួយ​វៀតណាមក្នុង​ការ​​ស្ដារ និង​លើកកម្ពស់​គុណភាព​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ (រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ) ដែល​ស្រាវជ្រាវ​នៅ​ខេត្ត Da Lat ប្រទេស​វៀតណាម។ បច្ចុប្បន្ន រុស្ស៊ី​កំពុង​ជួយ​វៀតណាម​ក្នុងការ​អនុវត្ត​គម្រោង​សាងសង់ CNST ដែលមាន​រោង​ចក្រ​​ស្រាវជ្រាវ​ថ្មី។

ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Chernyshenko ឱ្យដឹងថា សម្រាប់​គម្រោង​មជ្ឈមណ្ឌល​ស្រាវជ្រាវ CNST អង្គភាព RosAtom កំពុង​ត្រៀម​ឯកសារ​ស្នើ​ដេញថ្លៃ។ «ភាគី​ទាំងពីរ​បន្ត​ពិភាក្សាគ្នា ហើយ​អាច​ចុះ​កិច្ចព្រមព្រៀង​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ» លោក Dmitry Chernyshenko បញ្ជាក់​ដូច្នេះ។

គម្រោង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​នុយ​ក្លេ​អែរ​ត្រូវបាន​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2011។ គម្រោង​នេះ​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​អនុម័ត​គោលនយោបាយ​វិនិយោគ​កាលពី​ឆ្នាំ 2018៕

Advertisement