នេះ​ជា​រូប​ភាព​ច្បាស់ និង​រស់​រវើក​បំផុត​ស្ដី​ពី​ផ្ទៃ​ព្រះ​អាទិត្យ​ ដែល​បង្កើត​ឡើង​ពី​រូប​ថត​ 9 ម៉ឺន​សន្លឹក

ក្រុម​អ្នក​ថតរូប​តារាសាស្ត្រ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បញ្ចេញ​រូប​ភាព​​ស្ដីពី​ផ្ទៃ​ព្រះអាទិត្យ​លឿង​ឆ្អៅ ដោយ​ការផ្គុំ​​រូបថត​ប្រមាណ​ 90,000 សន្លឹក​។

ដើម្បី​បង្កើតបានជា​រូបភាព​នេះ Andrew McCarthy និង Jason Guenzel បាន​ប្រើប្រាស់​រូបថត​មួយចំនួន​របស់​ពួកគេ និង​រូបថតបាន​​ពី​ស្ថានីយ​សង្កេត​ព្រះអាទិត្យ និង​បរិយាកាស​ព្រះអាទិត្យ រួមទាំង​រូបថត​ពី​យានអវកាស​របស់​ណា​សា ដើម្បី​ផ្គុំ​ចូលគ្នា។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 05 មេសា។

អ្នក​ថតរូប​ខាងលើ​បាន​ផ្គុំ​រូបថត​ស្ដីពី​ព្រះអាទិត្យ​ប្រហែល 90,000 សន្លឹក​ចូលគ្នា ដើម្បី​បង្កើតបានជា​រូបភាព​មួយ​សន្លឹក​ចុងក្រោយ​ដែល​ពួកគេ​ហៅថា «ការរួបរួម​របស់ Helios» បង្ហាញ​ពី​ផ្ទៃ​ដែល​ពេញ​ដោយ​អណ្ដាតភ្លើង​លឿង​ឆ្អៅ​របស់​ព្រះអាទិត្យ អម​នឹង​កាំរស្មី​ប្លា​ស្មា​វិលវល់​ដូច​ទៅនឹង​ស្រទាប់​រោម​ជុំវិញ​​លើ​កូន​បាល់​តេ​នី​ស។

ចំណុះ​ដែល​លេចធ្លោ​ជាងគេ​នៅលើ​រូបភាព​នេះ​គឺ «កំណួច​ខ្យល់​ប្លា​ស្មា» ដែល​ខ្ពស់បំផុត​នៅលើ​ព្រះអាទិត្យ។ កំណួច​ខ្យល់​ប្លា​ស្មា​នេះ​មាន​កម្ពស់​រហូតដល់ 178,000 គីឡូម៉ែត្រ ស្មើនឹង​ផែនដី​ចំនួន​បួន​រៀប​ជា​ជួរ។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​រយៈពេល​បី​ថ្ងៃ មុនពេល​ក្លាយជា​ពពក​ប្លា​ស្មា និង​ត្រូវបាន​រុញច្រាន​ចេញ​ឆ្ងាយ​ពី​ព្រះ​អាទិត្យ​។

Guenzel និយាយថា ស្នាដៃ «ការរួបរួម​របស់ Helios» នេះ គឺជា​រូបភាព​ស្ដីពី​ព្រះអាទិត្យ​ដែល​ច្បាស់ និង​រស់​រវើក​បំផុត ដែល​គាត់ និង McCarthy ធ្លាប់បាន​បង្កើតឡើង។

Advertisement