ណា​តូ​លើក​ទង់​បញ្ចូល​ហ្វាំ​ង​ឡង់​ជា​សមាជិក​ទី 31

ណា​តូ (NATO) នា​ថ្ងៃទី 04 មេសា 2023 បាន​ទទួលយក​ប្រទេស​ហ្វាំ​ង​ឡង់​ជា​សមាជិក​ទី 31 របស់​សម្ព័ន្ធ​យោធា។

កាលពី​ថ្ងៃទី 04 មេសា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វាំ​ង​ឡង់ Pekka Haavisto បានប្រគល់​ឯកសារ​យល់ព្រម​ចូល​ជា​សមាជិក​ណា​តូ ទៅឱ្យ​សម​ភាគី​អាម៉េរិក Antony Blinken នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់​សម្ព័ន្ធ​យោធា​នេះ​នាទីក្រុង​​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ក្រោម​វត្តមាន​របស់​អគ្គលេខា​ធិ​ការ Jens Stotenberg។ «ដោយ​ការទទួល​ឯកសារ​ចូល​ជា​សមាជិក យើង​ប្រកាសថា ហ្វាំ​ង​ឡង់​គឺជា​សមាជិក​ទី 31 របស់​អង្គការ​នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង» លោក Blinken ថ្លែង​ដូច្នេះ។

ចំណែក​អគ្គលេខាធិការ​ណា​តូ លោក Stoltenberg ក៏​បាន​ប្រកាស​ស្វាគមន៍​ហ្វាំ​ង​ឡង់​ដែល​បាន​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា។ លោក Stoltenberg ថ្លែងថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ចង់​បិទ​ខ្ទប់​ច្រកទ្វារ​របស់​ណា​តូ ប៉ុន្តែ​បាន​បរាជ័យ។ «ពេលនេះ ហ្វាំ​ង​ឡង់​មាន​មិត្ត​ភ័ក្តិជា​សម្ព័ន្ធមិត្ត​ដែល​ខ្លាំងក្លា​បំផុត​លើ​ពិភពលោក»។

ដូច​ទៅនឹង​សមាជិក​ដទៃទៀត​របស់​ណា​តូ ហ្វាំ​ង​ឡង់ ចាប់ពីពេលនេះ​តទៅ​ត្រូវបាន​ការពារ​ដោយ​មាត្រា​ទី 5 ដែលជា​គោលនយោបាយ​ការពារ​ជា​ក្រុម​របស់​សម្ព័ន្ធមិត្ត នៅពេល​សមាជិក​ណាមួយ​ត្រូវបាន​វាយប្រហារ។ ទន្ទឹមនឹងនេះ ហ្វាំ​ង​ឡង់​ក៏ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការការពារ​សមាជិក​ដ​ទៃ​របស់​សម្ព័ន្ធ​យោធា​នេះ​ផងដែរ។

ណា​តូ​លើក​ទង់​បញ្ចូល​ហ្វាំ​ង​ឡង់​ជា​សមាជិក​ទី 31

បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ បាន​អបអរសាទរ​ចំពោះ​សមាជិក​ថ្មី ខណៈដែល​ក្រសួងការបរទេស​រុស្ស៊ី​ឱ្យដឹងថា ហ្វាំ​ង​ឡង់​បាន​បង្កកំហុស​ដ៏​គ្រោះថ្នាក់ ហើយ​ថា ទំនាក់ទំនង​ទ្វេភាគី​នឹងរង​ផលវិបាក​ធ្ងន់ធ្ងរ។

រុស្ស៊ី និង​ហ្វាំ​ង​ឡង់​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​ប្រហែល 1,300 គីឡូម៉ែត្រ។ ទីក្រុង​មូ​ស្គូ មុន​នោះបាន​ប្រកាសថា នឹង​បង្កើន​វត្តមាន​ទ័ព​នៅ​តំបន់​ភាគ​ខាងលិច និង​ពាយព្យ ជាប់​ព្រំដែន​ជាមួយ​ហ្វាំ​ង​ឡង់។

កាលពី​ថ្ងៃទី 04 មេសា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វាំ​ង​ឡង់ Pekka Haavisto បានប្រគល់​ឯកសារ​យល់ព្រម​ចូល​ជា​សមាជិក​ណា​តូ ទៅឱ្យ​សម​ភាគី​អាម៉េរិក Antony Blinken នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់​សម្ព័ន្ធ​យោធា​នេះ​នាទីក្រុង​​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក

ហ្វាំ​ង​ឡង់ និង​ស៊ុយអែត កាលពី​ខែឧសភា 2022 បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ។ បច្ចុប្បន្ន ស៊ុយអែត​នៅ​ជួប​ឧបសគ្គ​​​​ពី​តួ​ក​គី និង​ហុង​គ្រី ក្នុង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ ព្រោះ​តែ​បញ្ហា​ដែល​ទាក់ទិន​នឹង​ប្រទេស​ទាំងនេះ៕

Advertisement