ហេតុការណ៍​ផ្ទុះ​កាំរស្មី Gamma កម្លាំង​ខ្លាំង​បំផុត​ក្នុង​ចក្រវាល

អ្នកវិទ្យាសាស្ត្រ​បានប្រកាស​អំពី​ការរកឃើញ​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma ដែល​ភ្លឺ​ខ្លាំង​មិន​ធ្លាប់​បានឃើញ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​នេះ​បង្ហើប​ឱ្យដឹង​បន្ថែម​អំពី​ការផ្ទុះ​ខ្លាំង​បំផុត​បន្ទាប់ពី​ហេតុការណ៍ Big Bang។

ការផ្ទុះ​ដែល​ត្រូវបាន​ហៅថា GRB 221009A នេះ មាន​ប្រភពពី​កញ្ចុំ​ផ្កាយ Sagittarius ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 2.4 ពាន់​លាន​ឆ្នាំ​ពន្លឺ។ បើទោះជា​ឆ្ងាយ​យ៉ាងនេះ​ក៏ដោយ វា​ក៏​នៅ​តែ​បញ្ចេញ​ពន្លឺ​រហូតដល់​ថ្នាក់​ធ្វើឱ្យ​ឧបករណ៍​សង្កេត​តារា​មួយចំនួន​ត្រូវ «ខ្វះ» បណ្ដោះអាសន្ន និង​ធ្វើឱ្យ​បរិយាកាស​ផែនដី​ច្របូកច្របល់។ ការរកឃើញ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal Letters កាលពី​ថ្ងៃទី 29 មីនា។

ព្រឹត្តិការណ៍​ខាងលើនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ។ ពួកគេ​គណនា​ឃើញថា ព្រឹត្តិការណ៍​នេះ​អាច​កើត​មានតែ​ម្ដងគត់​ក្នុង​មួយ​សហស្ស​វត្សរ៍ និង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​រក​ប្រភព និង​ការរីកចម្រើន​របស់​​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma (GRB) នានា។

GRB ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​នៃ​ការផ្ទុះ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ចក្រវាល បន្ទាប់ពី​ព្រឹត្តិការណ៍ផ្ទុះ Big Bang។ ពួកវា​មាន​ប្រភពពី​ហេតុការណ៍​ផ្ទុះ​ផ្កាយ​ខ្នាត​យក្ស ឬ​ស៊ូ​ពើ​ណូ​វ៉ា (supernova) នៅពេល​ផ្កាយ​ខ្នាត​យក្ស​​មួយ​ដួង​អស់​ថាមពល និង​បែកធ្លាយ​ទៅជា​ផ្កាយ​ណឺត្រុង (neutron star) ឬ​ប្រហោង​ខ្មៅ (black hole)។

វិទ្យាស្ថាន​រូបវិទ្យា​ថាមពល​ខ្ពស់ (IHEP) របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន រួម​នឹង​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​ជាង 30 មកពី​សហរដ្ឋ​អាម៉េរិក អ៊ីតាលី បារាំង និង​អាល្លឺម៉ង់ បានធ្វើការ​វាស់វែង​យ៉ាង​​សុក្រឹត​ទៅលើ​ការបញ្ចេញ​រស្មី​របស់​​ហេតុការណ៍​ផ្ទុះ​ធំ​មិន​ធ្លាប់​បានឃើញ​នេះ ​ដោយ​ប្រើប្រាស់​តេ​ឡេ​ស្កុប​អវកាស Insight-HXMT និង GECAM-C។

ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុង​រយៈពេល​មួយ​នាទី ការផ្ទុះ GRB 221009A បញ្ចេញ​ថាមពល​ប្រហាក់ប្រហែល​នឹង​ថាមពល​របស់​ព្រះអាទិត្យ​ចំនួន 10,000 ដួង ដែល​បញ្ចេញ​ក្នុង​រយៈពេល​រាប់ពាន់​លាន​ឆ្នាំ​​ ​ដោយ​ប្រើប្រាស់​ប្រតិកម្ម​នុយ​ក្លេ​អែរ​សរុប។

ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ IHEP នៃ​គម្រោង GECAM-C បានឱ្យដឹងថា GRB 221009A បាន​បំណែក​កំណត់ត្រា​ស្ដីពី​វិសាល​ភាព​នៃ​​ពន្លឺ​របស់​​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma នាពេល​កន្លង ដោយ​ខ្លាំង​ជាង 50 ដង។

ចាប់តាំងពី​បាន​ស្គាល់ GRB កាលពី​ឆ្នាំ 1967 អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ព្រឹត្តិការណ៍​បែបនេះ​ជិត 10,000 ករណី ដែល​ពួកវា​កើតឡើង​ដោយសារ​ការ​បែកធ្លាយ​របស់​តារា​ខ្នាត​ធំ ឬ​ការ​ប៉ះគ្នា​របស់​វត្ថុ​អវកាស​ខ្នាត​យក្ស មានដូចជា​ប្រហោង​ខ្មៅ និង​តារា​ណឺត្រុង​ជាដើម៕

Advertisement