ព្រះ​ចន្ទ​អាចមាន​លាក់​ទឹករហូត​ដល់ 270 ទ្រី​លាន​គីឡូក្រាម

គ្រាប់​កែវល្អិតៗនៅក្នុង​ដី​ព្រះ​ចន្ទ​ផ្ទុក​ទឹក​យ៉ាងច្រើន ដែល​អាច​​ក្លាយជា​ប្រភពធនធាន​មាន​ផលប្រយោជន៍​សម្រាប់​ការទាញយក​មកប្រើប្រាស់​របស់​ក្រុម​អវកាស​ចរ​នាពេល​អនាគត។

ផ្ទៃ​ព្រះ​ចន្ទ​ពោរពេញ​ដោយ​គ្រាប់​កែវ​ល្អិត។ ពួកវា​កើតឡើង​ដោយការ​​ឆ្លង​កាត់​ពេលវេលា​រាប់ពាន់​លាន​ឆ្នាំ នៅពេល​ដី​ជះ​ចេញពី​ការប៉ះទង្គិច​ជាមួយ​អាចម៍ផ្កាយ​បាន​ចុះ​ត្រជាក់ ហើយ​ធ្លាក់​ត្រលប់​មកលើ​ព្រះ​ចន្ទ។ ការវិភាគ​សំណាក​ដី​ព្រះ​ចន្ទ​ដែល​យាន Chang’e 5 របស់​ប្រទេស​ចិន​បាន​យកមក​ពី​ឋាន​ព្រះ​ចន្ទ បង្ហាញថា គ្រាប់​កែវ​ល្អិតៗ​​ខាងលើនេះ​មានទឹក​ច្រើន​គួរសម។ ការរកឃើញ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Geoscience កាលពី​ថ្ងៃទី 27 មីនា 2023។

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្ដុតាង​ជាច្រើន​ដង​មកហើយ​ស្ដីពី​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ ប្រភព និង​លក្ខណៈពិសេស​របស់​ទឹក​នៅ​ឋាន​រណប​មួយ​នេះ​ នៅមាន​អាថ៌កំបាំង​នៅឡើយ។ បណ្ដា​គ្រាប់​កែវ​ល្អិត​ដែល​បាន​រកឃើញ​ក្នុង​ដី​ព្រះ​ចន្ទ 1,731 ក្រាម ដែល​យាន​របស់​ចិន​នាំយក​មកកាន់​ផែនដី​កាលពី​ខែធ្នូ 2020 អាចជា​ចម្លើយ​បំពេញបន្ថែម​សម្រាប់​​​សំណួរ​ខាងលើនេះ។

អ្នកវិទ្យាសាស្ត្រ​យល់ថា កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ព្រះ​ចន្ទ​ទំនងជា​ស្ងួត​ទាំងស្រុង។ ប៉ុន្តែ ក្រោយពី​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ព្រះអាទិត្យ (ជំនោរ​ភាគល្អិត​​ផ្ទុក​អគ្គិសនី​ដែល​ជះ​ចេញពី​ព្រះអាទិត្យ) ក្នុង​រយៈពេល​យូរ ទឹក​ក៏​ចាប់ផ្ដើម​កកើត​នៅក្នុង​បណ្ដា​ស្រទាប់​លើ​របស់​ព្រះ​ចន្ទ។ ប្រតិកម្ម​នេះ​នៅ​កើតមាន​រហូតដល់​សព្វ​ថ្ងៃ នៅពេលដែល​អាតូម​អ៊ីដ្រូសែន​ក្នុង​ខ្យល់​ព្រះអាទិត្យ​ភ្ជាប់​ជាមួយ​ម៉ូលីគុល​​អុកស៊ីសែន​ក្នុង​ដី​​ព្រះ​ចន្ទ និង​បង្កើតបាន​ម៉ូ​លី​គុល​ទឹក។ នេះ​គឺជា​ការចាប់ផ្ដើម​សម្រាប់​វដ្ដ​របស់​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ។

យោងតាម​ការស្រាវជ្រាវ​ថ្មី​របស់​ចិន បរិមាណ​ទឹក​ក្នុង​គ្រាប់​កែវ​ល្អិត​ៗគឺមាន​ច្រើនជាង​ការសន្និដ្ឋាន​កន្លងមក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ទឹក​ប្រហែល 270 ទ្រី​លាន​គីឡូក្រាម​ទំនង​កំពុង​ជាប់​នៅក្នុង​ដីស្រទាប់លើ​បង្អស់​ដែលមាន​កម្រាស់ 12 ម៉ែត្រ​របស់​ព្រះ​ចន្ទ។

អ្នកវិទ្យាសាស្ត្រ​យល់ថា គ្រាប់​កែវ​ល្អិត​ៗ​នៅលើ​ឋាន​ព្រះ​ចន្ទ​អាចជា​ប្រភពធនធាន​ដែល​អាច​ត្រូវបាន​ក្រុម​អ្នក​អវកាស​ទាញ​យកមកប្រើ​នាពេល​អនាគត និង​អាចជួយ​ដល់​ការផលិត​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​នៅលើ​ឋាន​ព្រះ​ចន្ទ បម្រើ​ដល់​​បេសកកម្ម​ហោះហើរ​ផ្លូវ​ឆ្ងាយ​ក្នុង​ទឹក​អវកាស៕

Advertisement