ព្រះ​ចន្ទ​ជិត​មាន​តំបន់​សម្គាល់​ពេលវេលា​ (Time Zone) ផ្ទាល់ខ្លួន

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ស្ដង់ដា ដើម្បី​បង្កើន​ភាពស៊ីចង្វាក់​គ្នា និង​ងាយស្រួល​សម្រាប់​បេសកកម្ម​អវកាស​នាពេល​អនាគត។

​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ ​​មាន​រាប់សិប​គម្រោង ដូច្នេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ថ្មី​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ជួយ​ឱ្យ​ការផ្លាស់ប្ដូរ​ព័ត៌មាន​មាន​ភាពងាយស្រួល​ជាង​បច្ចុប្បន្ន។ នេះ​បើតាម Smithsonian ចេញផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។

បច្ចុប្បន្ន បេសកកម្ម​ព្រះ​ចន្ទ​ប្រើប្រាស់​តំបន់​សម្គាល់​ម៉ោង​ទៅតាម​ប្រទេស​ម្ចាស់​បេសកកម្ម។ ក៏ប៉ុន្តែ វិធី​នេះ​មិនមាន​ភាព​សុក្រឹត និង​បណ្ដាលឱ្យ​យានអវកាស​របស់​បណ្ដា​ប្រទេស​ខ្វះ​ភាពស៊ីចង្វាក់​គ្នា។ ESA បានប្រកាស​អំពី​សំណើ​នេះ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ប៉ុន្តែ​គំនិតនេះ​​ត្រូវបាន​លើកឡើង​ដំបូង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ហូ​ឡង់​កាលពី​ចុងឆ្នាំ 2022។

ការបង្កើត​តំបន់​សម្គាល់​ពេលវេលា​ដោយឡែក​នៅលើ​ឋាន​ព្រះ​ចន្ទ មិន​ត្រឹមតែ​ជួយ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ តែ​ក៏​នឹង​ជួយ​ឱ្យ​អវកាស​ចរ​ងាយស្រួល​កំ​ណ​ត់​ទិស​ផងដែរ។

ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​អ្នកជំនាញ​មិនទាន់​កំណត់​បាន​ថា ម៉ោង​នៅលើ​ឋាន​ព្រះ​ចន្ទ​គួរ​គណនា​បែបណា​នៅឡើយ។ លើ​ឋាន​ព្រះ​ចន្ទ នាឡិកា​ដើរ​លឿន​ជាង​លើ​ផែនដី ដោយសារតែ​កម្លាំង​ទំនាញ​ដែល​អាច​កាច់​កោង​ពេលវេលា។ ជាក់ស្ដែង នាឡិកា​នៅលើ​ឋាន​ព្រះ​ចន្ទ​នឹង​កើន​ប្រហែល 56 មីក្រូ​វិនាទី ក្រោយ​រយៈពេល 24 ម៉ោង។ យោងតាម ESA កម្រិត​នេះ​ក៏​ផ្លាស់ប្ដូរ​ទៅតាម​ទីតាំង​របស់​នាឡិកា៕

Advertisement