សហរដ្ឋ​អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

លោកស្រី Janet Yellen និង​លោក Zelensky

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក​ប្រកាសថា ប្រទេស​នេះ​ផ្ដល់​ថវិកា​ជាង 1.2 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​អាច​បន្តធ្វើ​សកម្មភាព។

«ជំនួយ​សេដ្ឋកិច្ច​ពី​យើង​កំពុង​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ស្ថាប័នសំខាន់ៗរក្សា​សកម្មភាព​នៅក្នុង​ស្ថានការណ៍​ពិសេស» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen កាលពី​ថ្ងៃទី 27 កុម្ភៈ ប្រកាស​ដូច្នេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ។ ក្រៅពីនេះ ខ្ទង់​ជំនួយ​នេះ​ក៏​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ គ្រូបង្រៀន និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ផងដែរ។

លោកស្រី Yellen ឱ្យដឹងថា ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​តម្លៃ 1.25 ពាន់​លាន​ដុល្លារ​នេះ គឺជា​ខ្ទង់​ដំបូង​ក្នុង​កញ្ចប់​ជំនួយ​តម្លៃ 10 ពាន់​លាន​ដុល្លារ​ដែល​អាម៉េរិក​នឹង​ផ្ដល់ឱ្យ​ទីក្រុង​កៀវ​នា​ប៉ុន្មាន​ខែ​ខាងមុខ។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​យោធា​ច្រើនជាងគេ​ដល់​អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លង ដោយ​វា​បាន​ឡើងដល់​ជិត 50 ពាន់​លាន​ដុល្លារ។

លោកស្រី Yellen បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក​នៅក្នុង​ឆ្នាំនេះ​នឹង​ផ្ដោតទៅលើ​ការទប់ស្កាត់​អំពើ​គេច​ទណ្ឌកម្ម​ពី​លោកខាងលិច​របស់​រុស្ស៊ី។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន Emine Dzheppar កាលពី​ថ្ងៃទី 25 កុម្ភៈ 2023 បានឱ្យដឹងថា ប្រទេស​នេះ​បាន​ខាតបង់​សរុប​គិត​ជា​ទឹកប្រាក់​គឺ​ឡើង​ជិត​ដល់ 138 ពាន់​លាន​ដុល្លារ ក្នុងនោះ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​គឺ 35.6 ពាន់​លាន​ដុល្លារ និង​ផ្ទះសំបែង 54 ពាន់​លាន​ដុល្លារ​ ដោយសារ​សង្គ្រាម​បច្ចុប្បន្ន៕

Advertisement