រកឃើញដុំបាល់ដែកទំហំជាង 600 គីឡូម៉ែត្រនៅកណ្ដាលស្នូលផែនដី

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វត្តមាន​របស់​ដុំ​បាល់​ដែក nickel មួយ​យ៉ាង​ធំ​នៅក្នុង​ផែនដី តាមរយៈ​ការពិនិត្យ​លើ​ទិន្នន័យ​ដែល​បាន​រក​ពី​រលក​រញ្ជួយ​ដី។

នៅ​ខាងក្រោម​សម្បក​ផែនដី គឺមាន​ស្រទាប់​កណ្ដាល ស្នូល​ខាងក្រៅ​ដែល​ក្ដៅ​រលាយ ស្នូល​ខាងក្នុង​ដែលជា​ដែក​រឹង​របស់​ផែនដី។ ក៏ប៉ុន្តែ​ស្នូល​ខាងក្នុង​ដែលជា​ដែក​រឹង​នេះ​នៅមាន​ស្នូល​ខាងក្នុង​បង្អស់​មួយ​ស្រទាប់​ទៀត នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 21 កុម្ភៈ លើ​ទស្សនាវដ្ដី Nature Communications។

អ្នកវិទ្យាសាស្ត្រ​ជាច្រើន កាលពី​ប្រហែល 20 ឆ្នាំមុន បាន​សង្ស័យថា ស្នូលផែនដី​មាន​ស្រទាប់​មួយ​ផ្សេងទៀត​ដែល​ពិបាក​រកឃើញ។ ពេលនេះ ដោយ​ការប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​រលកសញ្ញា​នៃ​ហេតុការណ៍​រញ្ជួយ​ដី អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញ​ស្រទាប់​ក្នុង​បង្អស់។

ការរកឃើញ​ស្រទាប់​ថ្មី​នៅក្នុង​ជម្រៅ​ជាង 1,600 គីឡូម៉ែត្រ​ក្រោម​ដី និង​ទំហំ​ប្រហែល 644 គីឡូម៉ែត្រ​នេះ គឺ​ពិត​ជាមាន​សារសំខាន់។ វា​បង្ហាញថា ផែនដី​មាន 5 ស្រទាប់សំខាន់ៗ មិនមែន 4 នោះទេ។ របកគំហើញ​នេះ​ក៏​នឹង​ជួយ​ដល់​អ្នក​វិទ្យា​សស្ត្រ​ស្វែងយល់​បន្ថែម​ពី​ដែនម៉ាញេទិច និង​ការវិវត្ត​របស់​វា រួម​នឹង​អាថ៌កំបាំង​នានា​របស់​ផែនដី ក៏ដូចជា​ការកកើត និង​ការវិវត្ត​របស់​ពិភព​ដទៃ៕

Advertisement