ក្លឹបអាម៉េរិកបាត់បាឡុងក្នុងថ្ងៃដែលកងទ័ពបាញ់ទម្លាប់វត្ថុហោះហើរលើដែនអាកាស

ក្លឹប​បា​ឡុង​ហោះ​មួយ​នៅ Illinois សហរដ្ឋ​អាម៉េរិក​ ប្រកាសថា បាន​បាត់​បា​ឡុង​មួយ​នៅ Alaska ក្នុង​ថ្ងៃ​ដែល​យន្តហោះ​ចម្បាំង​អាម៉េរិក​បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​ចម្លែក​នៅក្បែរ​តំបន់​នេះ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា មាន​ទំនាក់ទំនង​ជាមួយគ្នា ឬ​អត់​នៅឡើយ។

សារព័ត៌មាន​អាម៉េរិក និង​អង់គ្លេស នៅ​ថ្ងៃទី 18 កុម្ភៈ​នេះ​បាន​រាយការណ៍​ថា សមាគម​បា​ឡុង​ហោះ Bottlecap នៅ​រដ្ឋ Illinois ភាគ​ខាងជើង (NIBBB) បានប្រកាសថា ក្លឹប​នេះ​បាន​បាត់​សញ្ញា​បា​ឡុង​ហោះ Pico មួយ​សប្ដាហ៍​មុន​នោះ។ លើក​​ចុងក្រោយ​ដែល​បា​ឡុង Pico បញ្ជូន​សញ្ញា​គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី 11 កុម្ភៈ ពេលដែល​វា​ស្ថិតនៅ​ក្បែរ​កោះ​តូច​មួយ​នៅ​ឆ្នេរសមុទ្រ​ភាព​ខាងលិច​របស់ Alaska។

ក្នុង​ថ្ងៃទី NIBBB បាត់ដាន​បា​ឡុង​ហោះ Pico យន្តហោះ​ចម្បាំង​អាម៉េរិក F-22 បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​លើ​អាកាស​មិន​ស្គាល់​អត្តសញ្ញាណ​នៅលើ​តំបន់ Yukon របស់​កាណាដា ដែល​ជាប់​នឹង​រដ្ឋ Alaska របស់​អាម៉េរិក។ NIBBB មិនបាន​ភ្ជាប់​ហេតុការណ៍​ទាំងពីរ​នេះ​ជាមួយគ្នា​នោះទេ។ ក្រុមមន្ត្រី​អាម៉េរិក​ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​ព័ត៌មាន​នេះ។

បាឡុង​បែប​នេះ​អាច​ជា​ប្រភេទ​ដែល​ត្រូវ​បាន​អាម៉េរិក​បាញ់ទម្លាក់​កាល​ពី​សប្ដាហ៍​កន្លង ពេល​វា​ហោះចូល​ដែន​អាកាស​អាម៉េរិក

បា​ឡុង​ហោះ Pico មាន​បំពាក់​ម៉ាស៊ីន​បញ្ជូន​រលកសញ្ញា​ខ្នាតតូច​តម្លៃ​ប្រហែល 12 ដុល្លារ និង​អាច​ហោះ​ដល់​កម្ពស់​ប្រហែល 14,300 ម៉ែត្រ។ Pico បាន​ហោះ​ក្នុង​រយៈពេល​ជាង 4 ខែ មុនពេល NIBBB បាត់ដាន។

កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 10-12 កុម្ភៈ បាន​បាញ់​ទម្លាប់​បា​ឡុង​ហោះ​ចំនួន 3 គ្រឿង​ជា​បន្តបន្ទាប់។ ប្រធានាធិបតី​អាម៉េរិក កាលពី​ថ្ងៃទី 16 កុម្ភៈ បាន​និយាយថា វត្ថុ​ហោះហើរ​ទាំង 3 នេះ​អាច​ជាប់ទាក់ទង​នឹង​បណ្ដា​ក្រុមហ៊ុន​ឯកជន ក្រុម​កំសាន្ត ឬ​ក្រុម​ស្រាវជ្រាវ។

បា​ឡុង​ហោះ ឬ​វត្ថុ​ហោះហើរ​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ករណី​បា​ឡុង​ហោះ​របស់​ចិន​ដែល​ធ្វើ​សកម្មភាព​លើ​ដែនអាកាស​អាម៉េរិក 7 ថ្ងៃ និង​ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី 04 កុម្ភៈ។ អាម៉េរិក​និយាយថា នេះ​គឺជា​ឧបករណ៍​ឈ្លបយកការណ៍ ប៉ុន្តែ​ចិន​និយាយថា នេះ​គឺជា​បា​ឡុង​ស្រាវជ្រាវ​អាកាសធាតុ​របស់ខ្លួន​ដែល​បាន​វង្វេងទិស។

ទាហានជើងទឹកអាម៉េរិក ស្រង់សាកសពបាឡុងហោះរបស់ចិន នៅលើសមុទ្រ Carolina ខាងត្បូង កាលពីថ្ងៃទី 05 កុម្ភ 2023

អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg ក្នុង​សប្ដាហ៍​នេះ​បាន​ព្រមាន​ថា ចិន និង​រុស្ស៊ី កំពុង​បង្កើន​សកម្មភាព​ចារកម្ម និង​តាមដាន ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​បា​ឡុង​ហោះ​ផងដែរ៕

Advertisement