ឥណ្ឌា​ទំនងជា​បានឈ្នះ​ចិន ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក

ចំនួន​ប្រជាជន​របស់​ប្រទេស​ឥណ្ឌា មកដល់​ចុងឆ្នាំ 2022 ទំនង​ជាមាន​ច្រើនជាង​ប្រទេស​ចិន 5 លាន​នាក់ និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក។

យោងតាម​ការ​គណនារ​បស់ World Population Review (WPR) ដែលជា​អង្គការ​ឯករាជ្យ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក ចំនួន​ប្រជាជន​ជន​នៅ​ឥណ្ឌា គិត​ត្រឹម​ចុងឆ្នាំ 2022 គឺ 1.417 ពាន់​លាន​នាក់ ខ្ពស់ជាង 5 លាន​នាក់ បើ​ធៀប​នឹង​ប្រទេស​ចិន។

ឥណ្ឌា ប្រទេស​មាន​ប្រជាជន​ចំនួន​ពាក់កណ្ដាលដែល​​មាន​អាយុ​ក្រោម 30 ឆ្នាំ នឹង​ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំ​មួយ​ដែល​រីកចម្រើន​លឿន​ជាងគេ​លើ​ពិភពលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៀត។ ដើម្បី​ប្រើប្រាស់​ចំណុចខ្លាំង​ផ្នែក​ប្រជាសាស្ត្រ​នេះ ឥណ្ឌា​ត្រូវ​​ការ​​បង្កើត​ការងារ​ថ្មី​ដល់​ប្រជាជន​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ នៅពេលដែល​កសិករ​ជាច្រើន​បោះបង់​ស្រែចំការ។

ចំណែក​អង្គការសហប្រជាជាតិ​វិញ បាន​គណនា​ឃើញថា ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​ចុងឆ្នាំ​នេះ។ ដោយសារតែ​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព ឆ្នាំ 2021 ឥណ្ឌា​មិនបាន​ប្រកាស​ទិន្នន័យ​ស្ដីពី​ការ​ជំរឿន​​ដែល​ធ្លាប់​ធ្វើឡើង​រៀងរាល់​មួយ​ទសវត្សរ៍​ម្ដង​នោះទេ។

អង្គការសហប្រជាជាតិ​បាន​រកឃើញថា ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ដែល​គ្រោង​នឹង​កើនឡើង​នៅ​ទូទាំង​សកលលោក គិត​ចាប់ពី​ឆ្នាំ 2022 ដល់ 2050 គឺ​ភាគច្រើន​ប្រមូលផ្ដុំ​នៅក្នុង 8 ប្រទេស រួមមាន កុង​ហ្កោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌា នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ហ្វ៊ី​លី​ពី​ន និង​តង់សានី៕

Advertisement