ចិនតៃវ៉ាន់ ធ្វើឱ្យ​ចិនដីគោក​ខឹង​ខ្លាំង ដោយសារ​គម្រោង​ទស្សនកិច្ច​នៅ​បរទេស

មេដឹកនាំការបរទេស កោះតៃវ៉ាន់ ចូសេហ្វ វូ (Joseph Wu)

មេដឹកនាំ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ ប្រកាស​អំពី​គម្រោង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់ ទ្វីបអឺរ៉ុប នា​សប្ដាហ៍​ក្រោយ នាំឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​ខ្លាំងក្លា។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) កាលពី​ថ្ងៃទី 21 តុលា បាន​ថ្លែងថា ប្រទេស​ចិន «ពិតជា​មិន​ពេញចិត្ត» នៅពេល ប្រទេស​ស្លូ​វ៉ា​គី (Slovakia) និង​ប្រ​ទស​ឆែក (Czech) ទទួលយក​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ការបរទេស កោះ​តៃវ៉ាន់ ចូ​សេ​ហ្វ វូ (Joseph Wu)។ លោក វ៉ាង វេន​ប៊ី​ន អំពាវនាវ​ប្រទេស​អឺរ៉ូប​ទាំងពីរ​នេះ ចៀសវាង «ធ្វើឱ្យប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​ទ្វេភាគី» ជាមួយ ប្រទេស​ចិន។

អ្នកនាំពាក្យ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ លោកស្រី ជាំ​ង​អាន អ៊ូ (Joanne Ou) មុននេះ​បានប្រកាសថា លោក ចូ​សេ​ហ្វ វូ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី 26 តុលា និង​ចូលរួម​ក្នុង​វេទិការ​មួយ​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ។ បន្ទាប់មក លោក ចូ​សេ​ហ្វ វូ ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់ រដ្ឋធានី​ប្រាក (Prague) ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានសភា​ជាន់ខ្ពស់​របស់ ប្រទេស​ឆែក លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល (Milos Vystrcil) និង​អភិបាលក្រុង ហ្ស​ដេ​នេ​ក រី​ប (Zdenek Hrib)។ លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល និង លោក ហ្ស​ដេ​នេ​ករីប ធ្លាប់​បានធ្វើ​ទស្សនកិច្ច​ទៅកាន់ កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ 2020 ដែល​កាលណោះ​ក៏បាន​ធ្វើឱ្យ ទីក្រុង​ប៉េកាំង ខឹង​ខ្លាំង​ផងដែរ។

បណ្ដា​ប្រទេស​នៅ អឺរ៉ុប ដូចជា ឆែក (Czech), ស្លូ​វ៉ា​គី (Slovakia), ប៉ូឡូញ (Poland) និង​ប្រទេស​ឡេ​តូ​នី (Lithuania) មាន​ទំនាក់ទំនង​ល្អជា​មួយ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​កន្លង។ អាជ្ញាធរ កោះ​តៃវ៉ាន់ និង រដ្ឋាភិបាល​ឡេ​តូ​នី មាន​គម្រោង​បើក​ការិយាល័យ​តំណាង​នៅ ទីក្រុង​តៃប៉ិ និង រដ្ឋធានី​វី​ល​នី​ស (Vilnius) នៅ​ឆ្នាំនេះ។

ក្រៅពី​ដំណើរ​ទស្សនកិច្ច​នេះ លោក ចូ​សេ​ហ្វ វូ ក៏​កំពុង​រក​វិធី​ដើម្បី​បាន​ចូលរួម​សន្និបាទ​នៅ រដ្ឋធានី​រ៉ូម (Rome) នៃ ប្រទេស​អ៊ីតាលី នា​ថ្ងៃទី 29 តុលា ស្ដីពី​បញ្ហា ប្រទេស​ចិន ផងដែរ៕

Advertisement