ក្រុម​កំពូល​អ្នកមាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ សូមឱ្យ​ «យកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​យើង»

កំពូល​មហា​សេដ្ឋី​ Jeff Bezos, Elon Musk និង Bernard Arnault (រាប់​ពី​ឆ្វេង​មក​ស្ដាំ

សមាជិក​ជាង 200 នាក់​របស់​ក្រុម​កំពូល​អ្នកមាន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បណ្ដា​ប្រទេស «យកពន្ធ​លើ​យើងខ្ញុំ​ជាបន្ទាន់» ដើម្បី​ដោះស្រាយ​គ្រោះ​ទុរភិក្ស។

ក្រុម​មហាសេដ្ឋី និង​សេដ្ឋី​ដែលមាន​សមាជិក 205 រូប ក្នុងនោះ​មាន​ទាំង​អ្នក​ស្នង​មរតក​ក្រុមហ៊ុន Disney មហា​សេដ្ឋិនី Abigail Disney និងលោក Mark Ruffalo ដែលជា​តារា​សម្ដែង​ក្នុង​តួអង្គ Huk ជាដើម កាលពី​ថ្ងៃទី 17 មករា បានប្រកាស​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​ពិភពលោក និង​ក្រុម​មេដឹកនាំ​ដែល​កំពុង​ប្រជុំ​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ Davos ប្រទេស​ស្វ៊ី​ស ប្រញាប់​ចេញ​ផែនការ​យកពន្ធ​លើ​ទ្រព្យសម្បត្តិ​ដើម្បី​ដោះស្រាយ​បញ្ហា «វិសមភាព​ធ្ងន់ធ្ងរ» ក្នុងសង្គម។

«ការការពារ​ប្រជាធិបតេយ្យ ការកសាង​កិច្ចសហប្រតិបត្តិការ ទាមទារ​ឱ្យមាន​សកម្មភាព​ដើម្បី​ស្ថាបនា​សេដ្ឋកិច្ច​ស្មើភាព​គ្នា​ចាប់ពីពេលនេះ។ នេះ​មិនមែនជា​បញ្ហា​ដែល​ត្រូវ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ដោះស្រាយ​ឡើយ។ ពេលនេះ​គឺជា​ពេលដែល​ត្រូវ​ដោះស្រាយ​បញ្ហា​កំពូល​អ្នកមាន ជា​ពេល​ដែល​ត្រូវ​​យកពន្ធ​លើ​អ្នកមានកំពូលៗ»។

ក្នុង​លិខិត​ដែលមាន​ចំណងជើង​ថា «ផលវិបាក​របស់​ភាព​មានបាន​កម្រិត​កំពូល» ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​មកពី 13 ប្រទេស​បានឱ្យដឹងថា «ក្នុង​ប្រវត្តិសាស្ត្រ 5 ទសវត្សរ៍​កន្លង គឺជា​រឿងរ៉ាវ​ស្ដីពី​ភាពមានបាន​ដែល​មិនបាន​សាយភាយ​ទៅដល់​កន្លែង​ដទៃ ប៉ុន្តែ​វា​បន្ត​បាចសាច​ទៅលើ​ពួកគេ​ដដែល។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ និន្នាការ​នេះ​បាន​បង្កើនល្បឿន​គួរឱ្យកត់សម្គាល់។ ដំណោះស្រាយ​នៅពេលនេះ​គឺថា អស់លោក​ដែលជា​អ្នកតំណាង​នៅ​ទូទាំង​សកលលោក ត្រូវតែ​យកពន្ធ​លើ​យើងខ្ញុំ ដែលជា​ក្រុម​កំពូល​អ្នកមាន និង​ត្រូវធ្វើ​ពី​ពេលនេះ»។

មហាសេដ្ឋិនី Abigail Disney និងលោក Mark Ruffalo ដែលជាតារាសម្ដែងក្នុងតួអង្គ Huk ក៏ស្ថិតក្នុងក្រុមអ្នកមានដែលបានអំពាវនាវឱ្យយកពន្ធលើទ្រព្យសម្បត្តិរបស់ក្រុមកំពូលអ្នកមាន

ក្រុម​អ្នកមាន​ខាងលើ​ព្រមាន​ថា បើ​មិន​ធ្វើ​សកម្មភាព​ទេ នោះ​មហន្តរាយ​នឹង​កើតឡើង។ «មាន​ភាព​តានតឹង​ជាច្រើន​ដែល​សង្គម​ត្រូវ​រង​ផលប៉ះពាល់ មាន​ឪពុកម្ដាយ​ជាច្រើន​បាន​​ត្រឹមតែ​មើលកូនៗស្រេកឃ្លាន គ្រា​ដែល​ក្រុម​អ្នកមានកំពូលៗសម្លឹងមើល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ …ដល់​ពេលដែល​ត្រូវធ្វើ​សកម្មភាព​ហើយ។»។

លិខិត​ខាងលើ​ត្រូវបាន​លើកឡើង​នៅពេល​មាន​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ជិត 2/3 នៃ​ទ្រព្យសម្បត្តិ​ដែល​ទើប​រកបាន​ចាប់តាំងពី​កូ​វីដ-19 ផ្ទុះឡើង គឺជា​កម្មសិទ្ធិ​របស់ មនុស្ស 1% លើ​ផែនដី​ ដែលជា​អ្នកមាន​ជាងគេ។ អង្គការ​មនុស្សធម៌ Oxfam ឱ្យដឹងថា ក្រុម​អ្នកមានកំពូលៗរកបាន​ទ្រព្យ​ថ្មី 26 ទ្រី​លាន (26,000,000,000,000) ​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ចុងឆ្នាំ 2021។ តួលេខ​នេះ​ស្មើនឹង 63% ក្នុងចំណោម​ទ្រព្យ​ថ្មី​សរុប​ដែល​ទើប​រកបាន ហើយ​ទ្រព្យ​ក្ដៅ​ពីនេះ​គឺជា​កម្មសិទ្ធិ​របស់​មនុស្ស 99% នៅលើ​ផែនដី។

Oxfam បន្តថា ការកើនឡើង​នៃ​​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​កម្រិត​កំពូល​គឺ​អម​ជាមួយនឹង​ការកើនឡើង​នៃ​គ្រោះ​ទុរភិក្ស។ អង្គការ​នេះ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកពន្ធ​លើ​ក្រុម​កំពូល​អ្នកមាន​ផងដែរ។ យោងតាម Oxfam បើសិនជា​យកពន្ធ 5% លើ​​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី និង​មហាសេដ្ឋី​នៅលើ​ពិភពលោក គេ​អាច​ប្រមូលបាន​ប្រាក់ 1.7 ទ្រី​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ គ្រប់គ្រាន់​សម្រាប់​ការជួយ​ដល់​ដល់​មនុស្ស 2 ពាន់​លាន​នាក់​ដែល​កំពុង​អត់ឃ្លាន និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​មូលនិធិ​មនុស្សធម៌​នានា​ដើម្បី​បញ្ចប់​គ្រោះ​ទុរភិក្ស៕

Advertisement