ណា​តូ (NATO) ប្រកាសថា មាន​សិទ្ធិ​ដាក់ពង្រាយ​កម្លាំង​នៅ អឺរ៉ុប​ខាងកើត

អគ្គលេខាធិការរងរបស់ ណាតូ Mircea Geoana

អគ្គលេខាធិការរងរ​បស់ ណា​តូ ប្រកាសថា សម្ព័ន្ធ​យោធា​នេះ​លែង​ស្ថិតនៅក្រោម​ចំណង​នៃ​បណ្ដា​កិច្ចសន្យា​រឹតត្បិត​លើ​ការដាក់​ពង្រាយ​កងទ័ព​នៅ អឺរ៉ុប​ខាងកើត ទៀតហើយ។

អគ្គលេខាធិការរងរ​បស់ ណា​តូ Mircea Geoana កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ចោទប្រកាន់ រុស្ស៊ី ថា បាន​លុបចោល​រាល់​ខ្លឹមសារ​ដែលមាន​នៅក្នុង​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ដោយ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​ការឈប់​ចរចា​ជាមួយ ណា​តូ។

យោងតាម​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ឆ្នាំ ១៩៩៧ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង ណា​តូ និង រុស្ស៊ី ភាគី​ទាំង​ពីរបាន​យល់​ព្រមធ្វើ​សកម្មភាព​ដើម្បី «ទប់ស្កាត់​រាល់​ហានិភ័យ​នៃ​ការគំរាមកំហែង​ចំពោះ​ការដាក់​ពង្រាយ​កម្លាំង​នៅក្នុង​បណ្ដា​តំបន់​ដែលមាន​កិច្ចព្រមព្រៀង​របស់ អឺរ៉ុប រួមមាន អឺរ៉ុប​កណ្ដាល និង អឺរ៉ុប​ខាងកើត»។

អគ្គលេខាធិការរងរ​បស់ ណា​តូ បាន​ចោទថា រុស្ស៊ី កំពុង​បង្កជម្លោះ​ជាមួយ​ប្រទេសជិតខាង និង​មិនបាន​សួរ​យោបល់ ណា​តូ ឱ្យបាន​ញឹកញាប់។ «ដូច្នេះ ខ្ញុំ​យល់ថា ជាក់ស្ដែង ច្បាប់​បង្កើត (ទំនាក់ទំនង) នេះ​លែងមាន​សុពលភាព​ទៀត​ហើយ​ ដោយ​សារ​តែ រុស្ស៊ី» លោក Mircea Geoana បញ្ជាក់​ដូច្នេះ។

ទឹក​ដី​របស់ ណាតូ-មិន​ទាន់​និយាយ​ដល់ សហរដ្ឋ​អាម៉េរិក និង​ កាណាដា (ពណ៌​លឿង គឺ​ជា​ប្រទេស​ដែល​កំពុង​មាន​បំណង​ចូល​ជា​សមាជិក​របស់​ណាតូ)

Geoana ប្រកាសថា ណា​តូ លែងមាន​ឧបសគ្គ​ណាមួយ​ចំពោះ​ការដាក់​កម្លាំង​រឹងមាំ​នៅក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ទឹកដី​របស់​សម្ព័ន្ធ​យោធា​នេះ និង​ការធានា​លើ​ការការពារ​ទឹកដី​ទៅតាម​មាត្រា​ទី ៥ នៃ​កតិកាសញ្ញា។

មាត្រា​ទី ៥ នៃ​កតិកាសញ្ញា​ណា​តូ កំណត់ថា រាល់​ការវាយប្រហារ​ណាមួយ​ម​កលើ​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​លើ ណា​តូ ទាំងមូល ហើយ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង នេះ​នឹង​សហការគ្នា​ដើម្បី​ឆ្លើយតប។

ទាក់ទិន​នឹង​ការលើកឡើង​របស់ អគ្គលេខាធិការរងរ​បស់ ណា​តូ ខាងលើ ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​នៅឡើយ។ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៅ Madrid នៃ ប្រទេស​អេ​ស្ប៉ា​ញ នៅ​ចុងខែ​មិថុនា ដើម្បី​អនុម័ត​លើ​ការផ្លាស់ប្ដូរ​ទាំងឡាយ​នៅក្នុង សម្ព័ន្ធភាព​យោធា​នេះ។

Advertisement