ប្រជាជន​នៅ​តូ​ក្យូ ហាក់​មិន​រីករាយ​នឹង​ការ​បោះបង់​ទីក្រុង​ទៅ​នៅជនបទ បើ​ទោះ​រដ្ឋ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ច្រើន​

រាជធានី​តូ​ក្យូ របស់​ប្រទេស​ជប៉ុន បង្កើន​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រើ​ទៅ​រស់​នៅឯ​ជនបទ ដើម្បី​កាត់បន្ថយ​សម្ពោធ​នៅ​តំបន់​ស្នូល​របស់​រាជធានី ប៉ុន្តែ មិនអាច​​ទាក់ទាញ​​បាន​ចំណាប់អារម្មណ៍​ច្រើន​នោះទេ។

តូ​ក្យូ​មាន​ផែនការ​ឧបត្ថម្ភ​ប្រាក់ 1 លាន​យ៉េន (7,500 ដុល្លារ​អាម៉េរិក) ដល់​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ​នៅក្នុង​គ្រួសារ​នានា ដែល​ព្រម​រើចេញ​ពី 23 ខណ្ឌ​នៅ​កណ្ដាល​រាជធានី ទៅ​តាំង​លំនៅ​យ៉ាងតិច 5 ឆ្នាំ នៅក្នុង​តំបន់​ជនបទ​ក្បែរ​រាជធានី។

ខ្ទង់​ប្រាក់ឧបត្ថម្ភ​នេះ​ខ្ពស់ជាង 3 ដង ធៀប​នឹង​ខ្ទង់​ប្រាក់​ដែល​អនុវត្ត​តាំងពី​ឆ្នាំ 2019 ធ្វើឱ្យ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​គ្រួសារ​នានា​ឡើងដល់ 3 លាន​យ៉េន។ ផែនការ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ទាក់ទាញ​គ្រួ​សារបាន​ប្រហែល 10,000 គ្រួ ត្រឹម​ឆ្នាំ 2027 ជួយ​ឱ្យ​ដង់ស៊ីតេ​ប្រជាជន​ថយចុះ និង​កាត់បន្ថយ​សម្ពាធ​លើ​សាលារៀន មន្ទីរពេទ្យ និង​មូលដ្ឋាន​នានា​នៅ​រាជធានី។

រាជធានី​តូក្យូ របស់ ជប៉ុន

23 ខណ្ឌ​នៅ​កណ្ដាល​រាជធានី​តូ​ក្យូ គឺជា​កន្លែង​រស់នៅ​រប​ស់​ប្រជាជន​ជាង 9.2 លាន​នាក់ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ជាង 14,400 នាក់/គីឡូម៉ែត្រ​ក្រឡា។ ក្នុងចំណោម​ប្រជាជន 125 លាន​នាក់​នៅ​ជប៉ុន មាន​ប្រហែល 35 លាន​នាក់ ស្មើនឹង 28% កំពុង​រស់នៅក្នុង​រាជធានី​​តូ​ក្យូ និង​តំបន់​ក្បែរ​ខាង ធ្វើឱ្យ​ទីនេះ​ក្លាយជា​តំបន់​ទីក្រុង​ធំជាងគេ​មួយ​លើ​ពិភពលោក។

ប្រជាជន​ជាច្រើន​ដែល​រស់នៅក្នុង​ទីក្រុង​តូ​ក្យូ មាន​ចំណាប់អារម្មណ៍ ឬ​ចូលចិត្ត​រស់នៅ​បែប​ស្រុកចំការ ប៉ុន្តែ​ពួកគេ​ហាក់​ចាត់ទុកថា ជីវភាព​បែប​នោះ​គឺ​សម្រាប់តែ​អ្នក​ចូលនិវត្តន៍​ប៉ុណ្ណោះ។ គ្រួសារ​ថ្មី​ភាគច្រើន​យល់ថា ការរស់នៅ​ក្នុង​ទីក្រុង​នៅតែ​ជា​កន្លែង​ល្អ​បំផុត​ដែល​ផ្ដល់ឱកាស​ច្រើន​ដល់​ការសិក្សា ធ្វើការ រកស៊ី និង​កំសាន្ត។

ទីប្រជុំ​ជន​មួយ​នៅ តូក្យូ ប្រទេស​ជប៉ុន

យោងតាម Nikkei កម្មវិធី​ខាងលើ​របស់​តូ​ក្យូ ទាក់ទាញ​បាន 71 គ្រួសារ​ចូលរួម​កាលពី​ឆ្នាំ 2019។ តួលេខ​នេះ​បាន​កើន​ដល់ 290 គ្រួសារ​នៅ​ឆ្នាំ 2020 និង 1,184 គ្រួសារ​នៅ​ឆ្នាំ 2021៕

Advertisement