វៀតណាម​​ត្រៀម​រួច​ហើយ​ដើម្បី​​ដក​ «បំពង់​សសរ​បេតុង​ដែល​ក្មេង​ធ្លាក់​ជាប់ 4 ថ្ងៃ» នៅ​ម៉ោង 09 ព្រឹក​នេះ

ឈាន​ចូលដល់​ថ្ងៃទី 5 នៃ​ការសង្គ្រោះ បំពង់​សសរ​បេតុង​ដែល​បាន​ដាំ​ក្នុង​ដី​ជម្រៅ 35 ម៉ែត្រ ដែលមាន​ក្មេងរងគ្រោះ​កំពុង​ជាប់​នៅ​ខាងក្នុង នឹងត្រូវ​បាន​ទាញ ដក​ឡើង​នៅវេលា​ម៉ោង 09 ថ្ងៃទី 04 មករា 2023 នេះ។

វេលា​ម៉ោង 07 និង 45 នាទី​ព្រឹក​ថ្ងៃទី 04 មករា 2022 សមាជិក​ម្នាក់​ក្នុង​គណៈបញ្ជាការ​សង្គ្រោះបាន​ឱ្យដឹងថា ការ​ទាញ ដក​សសរ​បេតុង​ប្រហោង​ក្នុងពី​ដី​ នឹង​ស៊ីពេល​អស់​ប្រហែល 2 ម៉ោង។ ក្រោយពី​សសរ​នេះ​ត្រូវបាន​ទាញ​ផុតពី​ដី កម្លាំង​សង្គ្រោះ​នឹង​កំណត់​ទីតាំង​របស់​ក្មេងរងគ្រោះ​ដែល​កំពុង​ជាប់​នៅក្នុង​សសរ​នេះ រួចហើយ​កាត់​សសរ​យក​ក្មេងនេះ​​ចេញមកក្រៅ។

បច្ចុប្បន្ន ក្រុម​សង្គ្រោះ​បាន​បាញ់​សម្អាត​ដី​​ចុង​ក្រោយ​នៅ​ក្នុង​បំពង់​ដែក​ថែប​ដែល​ព័ទ្ធ​ពី​ក្រៅ​បំពង់​សសរ​បេតុង​រួច​ហើយ​។ តាម​ផែនការ នៅ​ពេល​ក្បាល​ដែក​ខួង​ចូល​ដល់​ជម្រៅ​ 27 ម៉ែត្រ ក្រុម​សង្គ្រោះ​នឹង​រឹត​ខ្សែកាប​ទៅ​លើ​សសរបេតុង​ ដើម្បី​ទាញ​ ដក​ឡើង​មក​លើ​។

ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេល​កើតហេតុ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។

ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយសង្គ្រោះ៕

Advertisement