ទ្រព្យ​ចំនួន ៣០ ពាន់​លាន​ដុល្លារ របស់ ក្រុម​អ្នកមាន​រុស្ស៊ី ត្រូវបាន​បង្កក​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

នាវាទេសចរណ៍​ Nord ដែល​ជាកម្មសិទ្ធិ​របស់​ មហា​សេដ្ឋី​រុស្ស៊ី Alexei Mordashov ក៏​ជាប់​ក្នុង​ទណ្ឌកម្ម​របស់​លោក​ខាងលិច​

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក បានឱ្យដឹងថា ក្រុម​បេសកជន​អន្តររដ្ឋាភិបាល REPO បាន​បង្កក​ទ្រព្យសម្បត្តិ​ចំនួន ៣០ ពាន់​លាន​ដុល្លារ​របស់ ក្រុម​អ្នកមាន​រុស្ស៊ី នៅក្នុង​រយៈពេល ១០០ ថ្ងៃ​ដំបូង​នៃ​ការបំពេញ​ការងារ។

«យើង​នឹង​បន្ត​បង្កើន​តម្លៃ​ដែល រុស្ស៊ី ត្រូវ​បង់​សម្រាប់​យុទ្ធនាការ​យោធា​របស់​ពួកគេ» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៩ មិថុនា ២០២២ ស្ដីពី​សកម្មភាព​របស់ REPO ដែល​រួមមាន សហរដ្ឋ​អាម៉េរិក, សហភាព​អឺរ៉ុប, អង់គ្លេស, អូស្ត្រាលី, កាណាដា, អាល្លឺម៉ង, បារាំង, អ៊ីតាលី និង ជប៉ុន។

REPO ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មិនា ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​បទបញ្ជា​ដាក់ទណ្ឌកម្ម​សំដៅលើ​ក្រុមអ្នកមានអំណាច និង​មហាសេដ្ឋី​របស់ រុស្ស៊ី។

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ឱ្យដឹងថា ក្នុងការ​អនុវត្ត​បទ​បញ្ជា​ក្នុង​រយៈ ១០០ ថ្ងៃ​ដំបូង REPO បាន​បង្កក​ទ្រព្យ​ចំនួន ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ ក្រុម​អ្នកមាន​រុស្ស៊ី ដោយ​ការ​រឹបអូស​យក​នាវា​ទេសចរណ៍ និង​អចលនទ្រព្យ​របស់​ពួកគេ​ជាដើម។ ប្រាក់​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​នៅក្នុង​បណ្ដា​មូលនិធិ​ធនាគារកណ្ដាល​រុស្ស៊ី ក៏ត្រូវ​បាន​បង្កក។

«សមាជិក​នានា​របស់ REPO នឹង​បន្ត​តាមដាន​ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី ដែល​ត្រូវ​ជាប់​ក្នុង​ទណ្ឌកម្ម» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក សង្កត់ធ្ងន់​ដូច្នេះ។

ការ​បង្កក ឬ​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់ ក្រុមអ្នកមានអំណាច និង​មូលនិធិ​ធនាគារ​នានា​របស់ រុស្ស៊ី ត្រូវបាន​ធ្វើឡើង​ទៅតាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ឈ្លានពាន​របស់ កងទ័ព​ប្រទេស​នេះ ទៅលើ អ៊ុយ​ក្រែ​ន។

ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា សកម្មភាព​ខាងលើនេះ​អាច​បំពាន​លើ​គោលការណ៍​ច្បាប់ និង​នាំឱ្យមាន​ករណី​ប្ដឹងតវ៉ា​ស្មុគស្មាញ។ រដ្ឋាភិបាល​ទីក្រុង​កៀវ កាលពី​ដើមខែ​នេះ​បាន​គណនា​ឃើញថា អ៊ុយ​ក្រែ​ន បាន​ខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ​អស់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារតែ​សង្គ្រាម៕

Advertisement