សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ​ឱ្យ​កោះ​តៃវ៉ាន់

ក្រសួងការបរទេស​អា​ម៉េ​រិ​ក យល់ព្រម​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ Volcano ឱ្យ តៃវ៉ាន់ ក្នុងតម្លៃ​ប្រមាណ​ជា 180 លាន​ដុល្លារ​អាម៉េរិក។

មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 28 ធ្នូ បានឱ្យដឹងថា ក្រុមហ៊ុន​ការពារជាតិ Northrup Grumman និង Oshkosh គឺជា​អ្នកផ្គត់ផ្គង់​សំខាន់​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​ពង្រាយ​គ្រាប់មីន​ប្រឆាំង​រថក្រោះ Volcano របស់ សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់។

Volcano គឺជា​ប្រព័ន្ធ​ពង្រាយ​មីន​ស្វ័យប្រវត្ត​ដែល​អភិវឌ្ឍ​ដោយ កងទ័ព​អាម៉េរិក អំឡុង​ទសវត្សរ៍​ឆ្នាំ 1980។ ប្រព័ន្ធ​នេះ​​ដាក់​នៅលើ​រថយន្ត​ដឹកទំនិញ ឬ​ឧទ្ធម្ភាគចក្រ អាច​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ 960 គ្រាប់ ឬ​ប្រឆាំងនឹង​ទ័ពថ្មើរជើង​នៅលើ​តំបន់​ប្រវែង 1,100 ម៉ែត្រ និង​ទទឹង 120 ម៉ែត្រ ដោយ​ប្រើពេល​ខ្លី។ គ្រាប់មីន​ទាំងនេះ​មាន​ប្រព័ន្ធ​ស្វ័យ​កម្ទេច ទៅតាម​ពេលវេលា​ដែល​បាន​កំណត់។

កងទ័ព​តៃវ៉ាន់ បានឱ្យដឹងថា ការទិញ​ដូរ​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​រង្វង់​មួយខែ ហើយ​ប្រព័ន្ធ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់ តៃវ៉ាន់។

ឥរិយាបថ​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង ចិនដីគោក និង​ចិន​ដី​កោះ មានការ​កើនឡើង​ខ្ពស់​នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពេលដែល ទីក្រុង​ប៉េកាំង បង្កើន​ការដាក់​សម្ពាធ​ផ្នែក​យោធា​លើ ទីក្រុង​តៃប៉ិ។

ប្រព័ន្ធពង្រាយគ្រាប់មីនប្រឆាំងរថក្រោះ Volcano

កាលពី​ដើមខែ​នេះ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ក៏បាន​អនុម័ត​ការលក់​គ្រឿងបន្លាស់​តម្លៃ 428 លាន​ដុល្លារ ដើម្បី​ជួយ​ឱ្យ កងទ័ព​តៃវ៉ាន់ ថែទាំ​យន្តហោះ​យោធា មានដូចជា​យន្តហោះ F-16, យន្តហោះ​ក្នុងស្រុក F-CK-1 និង​ប្រភេទ​យន្តហោះ​ផលិត​ក្នុងស្រុក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ អាម៉េរិក ជាដើម។

អាម៉េរិក មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ កោះ​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​របស់​កោះ​នេះ។ ចំណែក ចិនដីគោក វិញ នៅតែ​ចាត់ទុកថា កោះ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើម​មកកាន់​កាប់ បើសិនជា​ចាំបាច់៕

Advertisement