រកឃើញ​ពិភព​ចំនួន​ពីរ​ក្នុង​តំបន់​អាច​រស់​នៅបាន និង​ស្ថិត​​នៅ​មិន​ឆ្ងាយ​ពី​ផែនដី

ពិភព​ទាំងពីរ​ដែល​ទើបត្រូវ​បាន​រកឃើញ​នេះ មាន​ម៉ាស​ប៉ុននឹង​ផែនដី និង​វិល​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​ក្រហម GJ 1002 ដែល​មាន​ចម្ងាយ 16 ឆ្នាំ​ពន្លឺ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ពិភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ចំនួន 2 ដែល​អាច​រស់​នៅបាន កំពុង​វិលជុំ​វិញ​ផ្កាយ​មេ​របស់​ពួកវា​ដែលមាន​ឈ្មោះថា GJ 1002។ ពួកវា​មាន​ចម្ងាយ​ពី​ផែនដី​ត្រឹមតែ 16 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ និង​មាន​ម៉ាស​ប៉ុន​នឹង​ផែនដី ​ស្ថិតក្នុង​តំបន់​ដែល​អាចមាន​ជីវិត ពោលគឺ​មិន​ក្ដៅ​ពេក ហើយក៏​មិន​ត្រជាក់​ពេក ដែល​អនុញ្ញាត​ឱ្យមាន​វ​ត្ត​មានទឹក​រាវ។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Astronomy & Astrophysics និង Space កាលពី​ថ្ងៃទី 20 ធ្នូ 2022។

ពិភព​ GJ 1002b ​ដែល​ស្ថិតនៅ​ខាងក្នុង​បង្អស់​​ ចំណាយពេល​​ប្រហែល​តែ 10 ថ្ងៃ​ប៉ុណ្ណោះ​គឺ​បញ្ចប់​ការ​គោចរ​​មួយ​ជុំ​ផ្កាយ​មេ ខណៈដែល​ពិភព​មួយទៀត​គឺ GJ 1002C ត្រូវការ​ពេល 21 ថ្ងៃ។

យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Canarias (IAC) ផ្កាយ​ GJ 1002 មាន​ម៉ាស​ស្មើនឹង 1/8 នៃ​ម៉ាស​ព្រះអាទិត្យ។

ការ​ប្រៀប​ធៀប​រវាង​បណ្ដា​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ និង​ភព​ក្នុង​ប្រព័ន្ធ​ផ្កាយ GJ 1002

របកគំហើញ​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រវាង​ឧបករណ៍ ESPRESSO របស់​ស្ថានីយ​សង្កេត​អឺរ៉ុប​ខាងត្បូង (ESO) ស្ថិតនៅលើ​សមុទ្រ​ខ្សាច់ Atacama ក្នុង​ប្រទេស​ស៊ី​លី និង CARMENES ក្នុង​ឯ​ស្ថានីយ Calar Alto នៅ Andalucia ប្រទេស​អេ​ស្ប៉ា​ញ។ CARMENES តាមដាន GJ 1002 ចាប់ពី​ឆ្នាំ 2017 ដល់ 2019 ចំណែក ESPRESSO ប្រមូល​ទិន្នន័យ​ស្ដីពី​ផ្កាយ​ក្រហម​អំឡុង​ឆ្នាំ 2019 ដល់ 2021៕

Advertisement