អាម៉េរិក​ផ្ដល់ជំនួយ​ជា​មី​ស៊ី​ល​ការពារ​ដែនអាកាស​បន្ថែ​ម​ដល់​អ៊ុយ​ក្រែ​ន

មីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ Patriot

សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​​តម្លៃ 300 លាន​ដុល្លារ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ Patriot និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​​ជាច្រើន​​ប្រភេទ​ផ្សេងទៀត។

កាលពី​ថ្ងៃទី 31 ឧសភា មន្ទីរ​បញ្ច​កោណ​បានប្រកាសថា កញ្ចប់​ជំនួយ​តម្លៃ 300 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន នឹង​បន្ថែ​មមី​ស៊ី​ល​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ Patriot ក៏ដូចជា​បន្ថែម​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ខ្លី Avenger និង​មី​ស៊ី​លបាញ់​ពីលើ​ស្មា Stinger។ អាម៉េរិក​ក៏​​ផ្ដល់​បន្ថែម​​​​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​រយៈ​ចម្ងាយ​មធ្យម AIM-7, រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, គ្រាប់កាំភ្លើង​ធំ 155 ម​ម និង 105 ម​ម រួម​នឹង​រ៉ុក្កែត Zuni និង​គ្រាប់កាំភ្លើង​សម្រាប់​ទាហាន​ថ្មើរជើង​ជាង 30 លាន​គ្រាប់​ផងដែរ។

នេះ​គឺជា​កញ្ចប់​ជំនួយ​ជា​អាវុធ​លើក​ទី 39 របស់​អាម៉េរិក សម្រាប់​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​ជំនួយ​យោធា​របស់​វ៉ា​ស៊ី​ង​តោន​សម្រាប់​ទីក្រុង​កៀវ រាប់​ចាប់តាំងពី​ខែកុម្ភៈ 2022 ឡើងដល់ 37.6 ពាន់​លាន​ដុល្លារ។

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​វាយបក​ទ្រង់ទ្រាយ​ធំ ដើម្បី​រុញច្រាន​កងទ័ព​រុស្ស៊ី។ ថ្មីៗនេះ ទឹកដី​រុស្ស៊ី ចាប់ផ្ដើម​រង​ការវាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​អាថ៌កំបាំង។ មូ​ស្គូ​ចោទថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ស្នាដៃ​របស់​ទីក្រុង​កៀវ ប៉ុន្តែ​ត្រូវបាន​អ៊ុយ​ក្រែ​ន​បដិសេធ។ ចំណែក​ទីក្រុង​វ៉ា​ស៊ី​ង​តោន​វិញ កន្លងមក​ក៏​ធ្លាប់បាន​ព្រមាន​ដល់ទី​ក្រុង​កៀវ​ថា មិនត្រូវ​ប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​អាម៉េរិក ​ទៅ​វាយប្រហារ​លើទឹក​ដី​រុស្ស៊ី៕

Advertisement