សភា​អាម៉េរិក អនុម័ត​ច្បាប់​ថវិកា​ជាតិតម្លៃ​​ជិត 1.7 ទ្រី​លាន​ដុល្លារ

ក្រុម​អ្នកតាក់តែង​ច្បាប់​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ថវិកា​ជាតិ​​ថ្មី​តម្លៃ 1.66 ទ្រី​លាន​ដុល្លារ ក្នុងនោះ​​មាន 858 ពាន់​លាន​ដុល្លារ ​សម្រាប់​វិស័យ​ការពារជាតិ​។

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការចំណាយថ្នាក់​ជាតិ​​នេះ ​ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី 23 ធ្នូ 2022 ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 225 សំឡេង និង​ប្រឆាំង 201 សំឡេង។ មុន​នោះ​មួយថ្ងៃ សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​រួចហើយ ដោយមាន​សន្លឹង​ឆ្នោត​គាំទ្រ​ចំនួន 68 សំឡេង ​ក្នុងនោះ​មាន 18 សំឡេង​មកពី​បក្ស​សាធារណរដ្ឋ និង​ជំទាស់ 29 សំឡេង។

ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ប្រកាសថា នឹង​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ និង​សរសើរថា នេះ​គឺជា​ភស្ដុតាង​បង្ហាញថា បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​សម្រាប់​ជនជាតិ​អាម៉េរិក»។

សេចក្ដីព្រាងច្បាប់​ថវិកា​ជាតិ​ថ្មី​ដែលមាន​តម្លៃ 1.66 ទ្រី​លាន​ដុល្លារ​នេះ គឺ​កើនឡើង​ប្រហែល 160 ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង។

សេចក្ដីព្រាងច្បាប់​ស្ដី​ថ្មី​នេះ​ក៏​រួមបញ្ចូល​ទាំង​ជំនួយ​បន្ទាន់​តម្លៃ 44.9 ពាន់​លាន​ដុល្លារ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន ផងដែរ។

Advertisement