សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ដល់​តៃវ៉ាន់

សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថវិកា​សម្រាប់​ការពារជាតិ​ឆ្នាំ 2023 ក្នុងនោះ​មាន​ទាំង​កញ្ចប់​ជំនួយ​យោធា​ឡើងដល់ 10 ពាន់​លាន​ដុល្លារ​សម្រាប់ កោះ​តៃវ៉ាន់ ផងដែរ។

សេចក្ដីព្រាង​ច្រាប់​ការពារជាតិ (NDAA) សម្រាប់​ឆ្នាំ 2023 ដែល​ត្រូវបាន​សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី 08 ធ្នូ នឹង​អនុញ្ញាតឱ្យ​ប្រទេស​នេះ​ផ្ដល់ជំនួយ​ដល់ កោះ​តៃវ៉ាន់ ចំនួន 2 ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ 2023 ដល់ 2027។ ច្បាប់​នេះ​ក៏​អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ផ្ដល់ឱ្យ តៃវ៉ាន់ នូវ​ឧបករណ៍​ការពារជាតិ​ដែល​យក​ពី​ឃ្លាំង​របស់ អាម៉េរិក ឬ​សេវាកម្ម​ដទៃ ដែលមាន​ទំហំ​ទឹកប្រាក់​ឡើងដល់ 1 ពាន់​លាន​ដុល្លារ/ឆ្នាំ។

យោងតាម​សេចក្ដីព្រាងច្បាប់​ថ្មី​ខាងលើ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ការពារជាតិ ត្រូវ «ផ្ដល់​អាទិភាព និង​ព​ន្លឿ​ន​ការឆ្លើយតប​នឹង​សំណើ​ពី តៃវ៉ាន់ ទៅតាម​កម្មវិធី​លក់ទំនិញ​យោធា​ឱ្យ​ភាគី​ខាងក្រៅ»។

«NDAA នឹង​បង្កើន​ទំនាក់ទំនង​ផ្នែក​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក ជាមួយនឹង តៃវ៉ាន់» តំណាងរាស្ត្រ Bob Menendez ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៅ​សភា​ជាន់​ទាប បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ មុនពេល​សេចក្ដីព្រាងច្បាប់​ត្រូវបាន​អនុម័ត។

សេចក្ដីព្រាងច្បាប់​នេះ​ត្រូវការ​សភា​ជាន់ខ្ពស់​អនុម័ត​បន្តទៀត មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់ សេត​វិមាន ដើម្បី​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ជា​ច្បាប់។

ទីក្រុង​ប៉េកាំង និង ទីក្រុង​តៃប៉ិ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក៕

Advertisement