ទាហាន​ពីររូប​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ច្រើន​ខែ

ទាហាន​ឥណ្ឌូណេស៊ី 2 រូប ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 7 ខែ ព្រោះ​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា ជា​ប្រការ​ដែល​កងទ័ព​របស់​ប្រទេស​នេះ​ចាត់ទុកថា​ជាស​កម្ម​ភាពមិន​ត្រឹមត្រូវ។

AFP កាលពី​ថ្ងៃទី 30 វិច្ឆិកា បាន​យោងតាម​សេចក្ដីសម្រេច​កាលពី​ថ្ងៃទី 09 វិច្ឆិកា 2022 របស់​តុលាការយោធា​នៃ ប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី បានឱ្យដឹងថា ទាហាន 2 រូប​ដែលមាន​ទំនាក់ទំនង​ស្នេហា​នឹង​មនុស្ស​ភេទ​ដូចគ្នា​ត្រូវបាន​បណ្ដេញ​ចេញពី​ជួរ​កងទ័ព។ ទាហាន​ទាំង 2 នាក់​នេះ​បាន​ចូល​បម្រើកងទ័ព​កាលពី​ឆ្នាំ​កន្លង និង​ឈរជើង​នៅលើ​កោះ​ជ្វា (Java)។

«ការដែល​ជនជាប់ចោទ​ប្រព្រឹត្ត​អំពើ​រួមភេទ​ជាមួយនឹង​មនុស្ស​ភេទ​ដូចគ្នា​គឺជា​រឿង​ដែល​មិន​សមស្រប។ ក្នុងនាម​ជា​ទាហាន ជនជាប់ចោទ​ត្រូវតែ​ជា​គំរូ​ល្អ​សម្រាប់​មនុស្ស​នៅ​ជុំវិញ។ សកម្មភាព​របស់​ជន​ជាប់ចោទ​បាន​ដើរ​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ ឬ​គ្រប់​បញ្ញត្តិ​ផ្នែក​សាសនា» សាលក្រម​តុលាការ​កម្រាស់ 60 ទំព័រ មាន​ឃ្លា​សរសេរ​ដូច្នេះ។

តុលាការ​កំពូល​ឥណ្ឌូណេស៊ី បាន​ចុះផ្សាយ​អំពី​សាលក្រម​ខាងលើ​កាលពី​សប្ដាហ៍​កន្លង ប៉ុន្តែ​រហូតដល់​យប់​ថ្ងៃទី 29 វិច្ឆិកា ទើប​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ដឹង​ច្រើន បន្ទាប់ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Detik។

ប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិ​ឥណ្ឌូណេស៊ី Usman Hamid បាន​ចោទប្រកាន់​ក្រុមមន្ត្រី​នៅ ឥណ្ឌូណេស៊ី ថា ចេញ​សាលក្រម​ដែល​បង្ហាញ​អំពី​ការ​ស្អប់ខ្ពើម​ក្រុម​សំឡេង​ភាគតិច ក្នុងនោះ​មាន​ទាំង​សហគមន៍​ភេទ​ទី​បី (LGBTQ) ផងដែរ៕

Advertisement