សហរដ្ឋ​អាម៉េរិក ចំណាយ​ជាង 1 ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​មី​ស៊ី​ល NASAMS ឱ្យ អ៊ុយ​ក្រែ​ន

ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម NASAMS

កងទ័ពជើងគោក​អាម៉េរិក ប្រគល់​កិច្ចព្រមព្រៀង​តម្លៃ​ជាង 1 ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន Raytheon ដើម្បី​ផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ចំនួន 6 គ្រឿង សម្រាប់​ផ្គត់ផ្គង់​ឱ្យ ទីក្រុង​កៀវ។

មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 30 វិច្ឆិកា បានប្រកាសថា កងទ័ពជើងគោក​អាម៉េរិក បានប្រគល់​កិច្ចព្រមព្រៀង​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​ទៅឱ្យ​ក្រុមហ៊ុន​ការពារជាតិ Raytheon ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​មធ្យម NASAMS អម​ជាមួយនឹង​ការហ្វឹកហ្វឺន និង​ជួយ​ដល់​ផ្នែក​ដឹកជញ្ជូន​សម្រាប់​កងទ័ព​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។

ប្រព័ន្ធ NASAMS ចំនួន 6 គ្រឿង​នេះ ស្ថិតក្នុង​កញ្ចប់​ជំនួយ​ទី 5 ដែលមាន​តម្លៃ​សរុប 2.98 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន (USAI)។ មូលនិធិ USAI ដែល​ត្រូវបាន​បង្កើតឡើង​ដោយ សភា​អាម៉េរិក នេះ អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ទិញ​អាវុធ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការយក​ពី​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន។

ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម NASAMS

មកដល់ពេលនេះ មិនទាន់​ដឹង​ច្បាស់​ថា ប្រព័ន្ធ​ទាំងនេះ​នឹងត្រូវ​បញ្ចេញ និង​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន នៅពេលណា​នៅឡើយ។

សហរដ្ឋ​អាម៉េរិក គឺជា​ភាគី​ដែល​ផ្ដល់ជំនួយ​យោធា​ច្រើនជាងគេបង្អស់​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ធុន​ធ្ងន់​ដូចជា ប្រព័ន្ធ​រ៉ុក្កែត HIMARS, កាំភ្លើង​ធំ M777 និង​មី​ស៊ី​ល​ការពារ​ដែនអាកាស NASAMS ជាដើម។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា ជំនួយ​សរុប​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន រាប់​ចាប់ពី​ខែមករា 2021 គឺ​ប្រហែល 19.7 ពាន់​លាន​ដុល្លារ៕

Advertisement