អាម៉េរិក ថា មេដឹកនាំភេរវកម្ម IS ត្រូវ​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី សម្លាប់

ទាហាន​របស់ IS នៅ ប្រទេស​ស៊ីរី កាល​ពី​ឆ្នាំ 2014

កងទ័ព​អាម៉េរិក ឱ្យដឹងថា មេដឹកនាំ IS ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបាន​សម្លាប់​ដោយ​ក្រុម​បះបោរ​នៅ ប្រទេស​ស៊ី​រី កាលពី​ពាក់កណ្ដាល​ខែតុលា 2022។

អ្នកនាំពាក្យ​របស់ កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 30 វិច្ឆិកា បានឱ្យដឹងថា មេដឹកនាំ​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបាន​សម្លាប់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ កងទ័ព​សេរី​ស៊ី​រី (FSA) តាំងពី​ខែតុលា នៅឯ​ខេត្ត Daraa។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ពុំមាន​ទាហាន​របស់ សហរដ្ឋ​អាម៉េរិក ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទេ។

មុន​នោះ អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក John Kirby និយាយថា ទីក្រុង​វ៉ា​ស៊ី​ង​តោន សាទរ​ចំពោះ​ព័ត៌មាន​ដែលថា មេដឹកនាំ​ម្នាក់ទៀត​របស់ IS ត្រូវបាន​កម្ចាត់ ប៉ុន្តែ នឹង​នៅតែ​តាមដាន​ព័ត៌មាន​ជា​បន្ត។

IS មុន​នោះ​ក៏បាន​ប្រកាសថា មេដឹកនាំ​កំពូល Abu al-Hassan ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ «សត្រូវ​របស់​ព្រះ​អម្ចាស់» ប៉ុន្តែ មិនបាន​លើកឡើង​អំពី​ពេលវេលា និង​ស្ថានភាពស្ដីពី​ការ​ស្លាប់​របស់​​មេដឹកនាំ​នេះ​។

ក្រុម IS បន្ថែមថា ពួក​គេ​បានជ្រើសរើស Abu al-Husayn al-Husayni al-Qurashi ជា​មេដឹកនាំ​ថ្មី​ទី 4 និង​អំពាវនាវ​ដល់​សមាជិក​ទាំងអស់ មាន​ភក្ដីភាព​ចំពោះ​មេដឹកនាំ​ថ្មី។ បច្ចុប្បន្ន​មិនទាន់មាន​ព័ត៌មាន​ស្ដីពី Abu al-Husayn នៅឡើយ។

FSA គឺជា​ក្រុម​បះបោរ​ប្រដាប់អាវុធ​នៅ ស៊ី​រី ដែល​គាំទ្រ​ដោយ តួ​ក​គី ដើម្បី​ទប់ស្កាត់​ការគ្រប់គ្រង​ទឹកដី​ពី​សំណាក់​កងជីវពល​ជនជាតិ​ឃឺ​ដ និង​រារាំង​ជនភៀសខ្លួន​ពី ស៊ី​រី ចូល​ទឹកដី​តួ​ក​គី។ ក្រុម FSA ត្រូវបាន រដ្ឋាភិបាល​ស៊ី​រី និង រុស្ស៊ី ចាត់ទុកជា​ក្រុម​ភេរវកម្ម។

IS បាន​រង​ការវាយប្រហារ​ខ្លាំងក្លា​ចាប់តាំងពី Abu Bakr al-Baghdadi ដែលជា​ស្ថាបនិក​របស់​ក្រុម​នេះ​ត្រូវបាន​កម្ចាត់​នៅក្នុង​ការ​វាយឆ្មក់​របស់ អាម៉េរិក នៅ Idlib កាលពី​ឆ្នាំ 2019។ តាំងពី​ពេល​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​តំបន់​សមុទ្រ​ខ្សាច់​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​ស៊ី​រី កាលពី​ខែ មីនា 2019 ទាហាន​របស់ IS ក៏បាន​ដកថយ​ទៅ​លាក់ខ្លួន​ក្នុង​សមុទ្រ​ខ្សាច់ ហើយ​ពេលខ្លះ​ក៏​ចេញមក​វាយឆ្មក់​លើ​កង​កម្លាំង​របស់ ជនជាតិ​ឃឺ​ដ និង រដ្ឋាភិបាល​ស៊ី​រី៕

Advertisement