ប្រទេស​ចិន៖ អតីត​ប្រធានាធិបតី ជាំ​ង ហ្សេ​មីន ទទួលមរណភាពហើយ!

អតីតប្រធានាធិបតី លោក ជាំង ហ្សេមីន

សារព័ត៌មាន Xinhua ដែលជា​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន នា​រសៀល​ថ្ងៃទី 30 វិច្ឆិកា 2022 នេះ បានប្រកាសថា អតីត​ប្រធានាធិបតី​ចិន លោក ជាំ​ង ហ្សេ​មីន (Jiang Zemin) បានទទួល​មរណភាព ក្នុង​ជន្មាយុ 96 ឆ្នាំ។

គេហទំព័រ​ផ្លូវការ​របស់​របស់ Xinhua បាន​ប្ដូរ​ទៅជា​ពណ៌​ខ្មៅ​នៅវេលា​ម៉ោង 14 និង 40 នាទី ថ្ងៃទី 30 វិច្ឆិកា (ម៉ោង​ក្នុងស្រុក) នៅពេល​ចុះផ្សាយ​ថា លោក ជាំ​ង ហ្សេ​មីន ទទួលមរណភាព​នៅវេលា​ម៉ោង 12 និង 13 នាទី (ម៉ោង 11 និង 13 នាទី នៅ កម្ពុជា) នៅក្នុង​ទីក្រុង​សៀង​ហៃ ដោយសារ​ជំងឺមហារីក​គ្រាប់​ឈាម បើទោះជា​មានការ​ប្រឹងប្រែង​ក្នុងការ​ជួយសង្គ្រោះ។

Xinhua ក៏​បាន​ដកស្រង់​សារលិខិត​របស់ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន (CPC) ផ្ញើជូន​ចំពោះ​បក្ស កងទ័ព និង​ប្រជាជន​ចិន​ទាំងមូល​ ក្នុង​នោះ​មាន​ឃ្លា​សរសេរ​ថា «សមមិត្ត​ ជាំង ហ្សេ​មីន គឺជា​មេដឹក​នាំ​ឆ្នើម មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ត្រូវ​បាន​បក្ស កងទ័ព និង​ប្រជាពលរដ្ឋ​ចិន​ ទទួលស្គាល់ថា​ ជា​មនុស្ស​ម្នាក់​ដែល​ដើរ​តាម​លទ្ធិ​ម៉ាក្ស​និយម​ដ៏​អស្ចារ្យ​ ជា​អ្នក​បដិវត្តន៍​​វណ្ណអធន​ដ៏​មហាអស្ចា្យ…ជា​អ្នក​យុទ្ធសាស្ត្រ​យោធា និង​អ្នក​ការទូត​ចាស់វាស្សា​»។

លោក ជាង ហ្សេ​មីន ​ចាប់​កំណើត​នៅ​ថ្ងៃទី 17 សីហា 1926 នៅ​ទីក្រុង Yangzhou ប្រទេស​ចិន​។ លោក​គឺ​ជា​អតីត​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន ពី​ឆ្នាំ 1989 ដល់​ឆ្នាំ 2002, ជា​ប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈិម ពី​ឆ្នាំ 1989 ដល់​ឆ្នាំ 2004 និង​ជា​ប្រធានាធិបតី​ចិន ពី​ឆ្នាំ 1993 ដល់​ឆ្នាំ 2003។ លោក​ចាប់​កំណើត​នៅ​ថ្ងៃទី 17 សីហា 1926 នៅ​ទីក្រុង Yangzhou ប្រទេស​ចិន​។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​លោក ជាំ​ង ហ្សេ​មីន ក្នុង​ពិធី​សមាជរបស់​បក្ស កាល​ពី​ឆ្នាំ 2017
មេដឹកនាំ​ចិន លោក ជាំង ជាំ​ង ហ្សេ​មីន ចាប់​ដៃ​ជាមួយ​ព្រះអង្គម្ចាស់ Charles ក្នុង​ពិធី​ប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឱ្យ​ ប្រទេស​​ចិន​ វិញ នៅ​ថ្ងៃ​ទី 01 ខែ​កក្កដា ឆ្នាំ 1997
Advertisement