អាជ្ញាធរ​ចិន​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត ស្ដីពី​រលក​ត្រជាក់​នៅ​សប្ដាហ៍​នេះ

ប្រទេស​ចិន បានប្រកាស​អាសន្ន​ស្ដីពី​រលក​ត្រជាក់​ឡើងដល់​ពណ៌​ទឹកក្រូច ដែលជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត​ក្នុងចំណោម 3 កម្រិត គ្រា​ដែល​រដូវ​ត្រជាក់​ត្រូវបាន​ព្យាករ​ថា​នឹង​ប៉ះពាល់​ដល់​ខេត្ត និង​ក្រុង​ជាង 20 ដោយ​សីតុណ្ហភាព​អាច​ថយចុះ​ជាង 20 អង្សា​សេ។

ក្រោយ​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​បានប្រកាស​អាសន្ន​ស្ដីពី​រលក​ត្រជាក់​ពណ៌​លឿង ដែលជា​កម្រិត​ទី 2 ក្នុងចំណោម 3 កម្រិត រួមមាន​ពណ៌​ខៀវ លឿន និង​ទឹកក្រូច ស្ថានីយឧតុនិយម​ជាតិចិន បាន​ដំឡើង​កម្រិត​នៃ​ការប្រកាសអាសន្ន​ឡើង​ខ្ពស់បំផុត ពោលគឺ​ពណ៌​ទឹកក្រូច នៅ​ទូទាំងប្រទេស​កាលពី​ម៉ោង 6 ល្ងាច​ថ្ងៃទី 27 វិច្ឆិកា និង​ម៉ោង 6 ព្រឹក​ថ្ងៃទី 28 វិច្ឆិកា (ម៉ោង​ក្នុង​ស្រុង)។

យោងតាម ស្ថានីយឧតុនិយម​ចិន រលក​ត្រជាក់​នេះ​នឹង​ប៉ះពាល់​ដល់​ទឹកដី​ស្ទើរតែ​ទាំងអស់​របស់ ប្រទេស​ចិន បង្កឱ្យមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង ខ្យល់​ខ្លាំង ធូលី​ខ្សាច់ និង​ភ្លៀង​ព្រឹល​ទ្រង់ទ្រាយ​ធំ។ សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាងជើង កណ្ដាល និង​ភាគ​ខាងកើត​របស់ ប្រទេស​ចិន នឹង​ថយចុះ​ចាប់ពី 10 ដល់ 16 អង្សា​សេ ហើយ​ក៏មាន​តំបន់​ខ្លះ​ថយចុះ 18 អង្សា​សេ និង​ជាង 20 អង្សា​សេ​ក៏មាន។ ខេត្ត​ក្រុង និង​តំបន់​ស្វយ័ត​ជាង 20 របស់​ប្រទេស​នេះ​នឹងរង​ផលប៉ះពាល់​ដោយសារ​អាកាសធាតុ​ត្រជាក់​លឿន និង​ខ្លាំង​ក្នុង​លើក​នេះ។

អំពី​ពេលវេលា​ដែល​អាកាសធាតុ​ចុះ​ត្រជាក់ លោក Hu Xiao អ្នកវិភាគ​ផ្នែក​ឧតុនិយម​របស់​បណ្ដាញ​អាកាសធាតុ​ចិន ឱ្យដឹងថា សីតុណ្ហភាព​នឹង​ថយចុះ​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី 29 ដល់ 30 វិច្ឆិកា ខណៈដែល​ភាគខាងត្បូង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 ដល់ទី 02 ធ្នូ​ខាងមុខ៕

Advertisement