រូបភាព​ពី​ផ្កាយរណប​បង្ហាញថា «អ៊ុយ​ក្រែ​ន កំពុងស្ថិត​ក្នុង​ភាព​ងងឹត»

អ៊ុយក្រែន នៅ​ពេល​រាត្រី

ទឹកដី​ភាគច្រើន​របស់ ប្រទេស​អ៊ុយ​ក្រែ​ន កំពុងស្ថិត​ក្នុង​ភាព​ងងឹត ដោយសារតែ​បញ្ហា​ដាច់​ចរន្តអគ្គិសនី បន្ទាប់ពី​រង​ការវាយប្រហារ​តាមផ្លូវ​អាកាស​កាលពី​ថ្ងៃ​ទី 23 វិច្ឆិកា ពី រុស្ស៊ី។

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ថ្ងៃទី 24 វិច្ឆិកា បាន​បញ្ចេញ​រូបថត​ពី​ផ្កាយរណប​ស្ដីពី​តំបន់​អឺរ៉ុប​ខាងកើត នៅក្នុង​យប់នោះ ដែល​បង្ហាញថា ទឹកដី​ភាគច្រើន​របស់ អ៊ុយ​ក្រែ​ន ស្ថិតក្នុង​ភាព​ងងឹត ក្នុងពេលដែល​បណ្ដា​ប្រទេស​នៅ​ជុំវិញ នៅតែ​ភ្លឺ​នាពេល​រាត្រី។

នៅ ប្រទេស​អ៊ុយ​ក្រែ​ន មានតែ​តំបន់​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​ភ្លឺ​បំភ្លឺ ដូចជា រដ្ឋធានី​កៀវ និង​ទីក្រុង Lviv, Zhytomyr នៅ​ភាគ​ខាងលិច និង Odessa នៅ​ភាគខាងត្បូង ប៉ុន្តែ កម្រិត​ពន្លឺ​បាន​ថយចុះ​ច្រើនដង​ធៀប​នឹង​ដំណាក់កាល​មុន​សង្គ្រាម។ នៅឯ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ជាទី​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា ហាក់​មិនមាន​ពន្លឺ​ទាល់តែសោះ។

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ឱ្យដឹងថា កងទ័ព​រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ សំដៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ រដ្ឋធានី​កៀវ និង​ទីក្រុង​ជាច្រើន​របស់ អ៊ុយ​ក្រែ​ន កាលពី​រសៀល​ថ្ងៃទី 23 វិច្ឆិកា។

Ukrenergo ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​អគ្គិសនី​ជាតិ​របស់ អ៊ុយ​ក្រែ​ន បានឱ្យដឹងថា 50% នៃ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី មិនទាន់​ត្រូវបាន​ឆ្លើយតប​នៅឡើយ នៅ​ព្រលប់​ថ្ងៃទី 24 វិច្ឆិកា។

60% ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប 3 លាន​នាក់​នៅ រដ្ឋធានី​កៀវ នៅតែ​ស្ថិតក្នុង​ស្ថានភាព​ដាច់​ចរន្តអគ្គិសនី។ តំបន់​ផ្សេងទៀត​នៅ អ៊ុយ​ក្រែ​ន ក៏​រង​ផលប៉ះពាល់​ដូចគ្នានេះដែរ៕

Advertisement