អំពើហិង្សា​ផ្ទុះឡើង​នៅឯ​រោងចក្រ​ផលិត iPhone ក្នុងប្រទេស​ចិន

Foxconn បញ្ជាក់ថា មាន​អំពើហិង្សា​នៅឯ​រោងចក្រ​មួយ​ក្នុង​តំបន់​ភាគ​កណ្ដាល​ប្រទេស​ចិន ជាទី​តាំង​ផលិត​ទូរស័ព្ទ iPhone បន្ទាប់ពី​មាន​វីដេអូ​បង្ហាញថា ពលករ​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ។

«រាល់​សកម្មភាព​ហិង្សា ក្រុមហ៊ុន​នឹង​បន្ត​ទាក់ទង​ជាមួយនឹង​កម្មករ និង​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​បែបនេះ​កើតឡើង​ជាថ្មី» ក្រុមហ៊ុន Foxconn កាលពី​ម្សិលមិញ​បានប្រកាស​ដូច្នេះ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ កោះ​តៃវ៉ាន់ Foxconn បាន​បញ្ជាក់ថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នៅឯ​រោងចក្រ​របស់​ពួកគេ​ក្នុង​តំបន់ Zhengzhou ភាគ​កណ្ដាល​នៃ ប្រទេស​ចិន។ ក៏ប៉ុន្តែ Foxconn បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា ពួកគេ​បាន​បណ្ដោយឱ្យ​បុគ្គលិក​ថ្មី​ស្នាក់នៅ​ជាមួយ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-19 នៅក្នុង​រោងចក្រ។

ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​កម្មករ​របស់ Foxconn រាប់រយ​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម ក្នុងនោះ​មាន​អ្នកខ្លះ​ប្រើ​អំពើហិង្សា​ប្រឆាំង​ប៉ូលិស និង​ក្រុម​អ្នក​ស្លៀកពាក់​ឈុត​ការពារ​វីរុស។ មនុស្ស​មួយចំនួន​ស្រែកថា «បើកប្រាក់​ខែ​ឱ្យ​ពួកយើង» ឬ​និយាយថា ពួកគេ​ត្រូវ​បង្ខំ​ឱ្យ​ស្នាក់នៅ​ជាមួយនឹង​បុគ្គលិក​ដែល​វិជ្ជមាន​នឹង​កូ​វីដ-19។

Foxconn ថ្មីៗនេះ​បាន​រកឃើញថា ករណី​វិជ្ជមាន​នឹង​កូ​វីដ-19 កំពុង​កើនឡើង​នៅឯ​រោងចក្រ​ក្នុង​ទីក្រុង Zhengzhou នាំឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ចាប់ពីពេលនោះ​មក រោងចក្រ​ដែលមាន​កម្មករ​ប្រហែល 200,000 នាក់​នេះ ត្រូវ​ដំណើរការ​បែប​លាក់លៀម។

ក្នុង​ខែ​នេះ លេចឮ​ព័ត៌មាន​ថា កម្មករ​ជាច្រើន​នៅក្នុង​រោងចក្រ​របស់ Foxconn បាន​រត់ចោល​ការងារ បន្ទាប់ពី​ចោទថា មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិនល្អ។

ប្រទេស​ចិន នៅតែ​អនុវត្ត​យុទ្ធសាស្ត្រ «គ្មាន​កូ​វីដ-19» ដោយ​ការចាត់វិធានការ​គ្រប់គ្រង​តឹងរឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-19 សរុប​ជិត 300,000 នាក់ និង​អ្នកស្លាប់​ជាង 5,200 នាក់ ដោយសារ​ជំងឺ​នេះ៕

Advertisement