កូរ៉េខាងត្បូង សាកល្បង​ខែល​ប្រឆាំង​កាំជ្រួច​ប្លោង​ក្នុងស្រុក​ជា​លើកដំបូង

ប្រព័ន្ធ​ការពារ​រយៈ​ចម្ងាយ​ឆ្ងាយ L-SAM របស់ កូរ៉េខាងត្បូង ដែលមាន​មុខងារ​ដូច​ទៅនឹង THAAD របស់ សហរដ្ឋ​អាម៉េរិក បាន​កម្ទេច​គោលដៅ​ដែល​គេ​ធ្វើ​ត្រាប់​កាំជ្រួច​ប្លោង​ដោយ​ជោគជ័យ នៅក្នុង​ការសាកល្បង​កាលពីពេលថ្មីៗនេះ។

កាលពី​ថ្ងៃទី 22 វិច្ឆិកា មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានឱ្យដឹងថា ប្រទេស​នេះ​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​រយៈ​ចម្ងាយ​ឆ្ងាយ L-SAM ដែល​បាញ់​ស្កាត់​គោលដៅ​នានា​ដែល​គេ​ធ្វើ​ត្រាប់​កាំជ្រួច​ប្លោង​របស់​សត្រូវ។ ពេលវេលា និង​ទីតាំង​សាកល្បង​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ នេះ​ទំនងជា​លើកដំបូង​ដែល​ប្រព័ន្ធ L-SAM បាញ់​សំដៅ​គោលដៅ​ជាក់លាក់។

ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​ប្លោង​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ករណី​បាញ់​មី​ស៊ី​ល​ម្ដង 23 គ្រាប់​កាលពី​ថ្ងៃទី 02 វិច្ឆិកា និង​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) Hwasong-17 ដែល​អាច​បាញ់​បាន​ចម្ងាយ 15,000 គីឡូម៉ែត្រ កាលពី​ថ្ងៃទី 18 វិច្ឆិកា។

L-SAM គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ក្នុងស្រុក​របស់ កូរ៉េខាងត្បូង ដែល​បំពាក់​មី​ស៊ី​ល 2 ប្រភេទ និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​អង្គភាព​អភិវឌ្ឍ​ការពារជាតិ (ADD)។ L-SAM ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​វាយ​ស្កាត់​មី​ស៊ី​ល​ប្លោង ហើយនឹង​ក្លាយជា​ស្រទាប់​ការពារ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​ច្រើន​ស្រទាប់​របស់​ប្រទេស​នេះ។

តាម​ផែនការ ADD នឹង​បង្ហើយ​ដំណើរការ​អភិវឌ្ឍ L-SAM នៅ​ឆ្នាំ 2024 ដើម្បី​អាច​ផលិត​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ឆ្នាំ 2026 និង​ដាក់ពង្រាយ​ចាប់ពី​ឆ្នាំ 2027៕

Advertisement