មី​យ៉ាន​ម៉ា កាត់ទោស​ប្រហារជីវិត​សមាជិក​នៃ​បក្ស​របស់​លោកស្រី Suu Kyi

លោក Maung Kyaw (ឆ្វេង) និង​លោក Kyaw Min Yu

រដ្ឋាភិបាលយោធា​មី​យ៉ាន​ម៉ា កាត់ទោស​ប្រហារជីវិត​ចំពោះ​អតីត​តំណាងរាស្ត្រ​របស់​បក្សសម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ លោកស្រី Suu Kyi ក្រោម​បទ​ចោទ «ភេរវកម្ម»។

«Phyo Zeyar Thaw ដែលជា​សមាជិក​របស់​បក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ (NLD) ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ទៅតាម​ច្បាប់​ប្រឆាំង​ភេរវកម្ម។ បុគ្គល​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​នៅឯ​ទីក្រុង Yangon ដោយមាន​ការសហការ​ពី​ពលរដ្ឋ​ដែលមាន​មនសិការ» អាជ្ញាធរ​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន​ម៉ា ប្រកាស​កាលពី​ថ្ងៃទី ២១ មករា​ដូច្នេះ។

Kyaw Min Yu ដែលជា​សកម្មជន​ប្រជាធិបតេយ្យ​មួយរូប​នៅ ប្រទេស​មី​យ៉ាន​ម៉ា ក៏ត្រូវ​បាន​តុលា​យោធា​កាត់ទោស​ប្រហារជីវិត​ផងដែរ។

លោក​ Phyo Zeyar Thaw កាលនៅ​ជា​តំណាង​រាស្ត្រ​

លោក Phyo Zeyar Thaw មានឈ្មោះ​ផ្លូវការ​ថា Maung Kyaw បាន​ជាប់ឆ្នោត​ជា សមាជិកសភា​មី​យ៉ាន​ម៉ា កាលពី​ឆ្នាំ ២០១៥ ក្នុងនាម​ជា​តំណាងរាស្ត្រ​នៃ​បក្ស NLD របស់​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi។ លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ដឹក​ឱ្យ​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​របស់​រដ្ឋាភិបាល​យោធា ក្នុងនោះ​ក៏មាន​ករណី​ផ្ទុះអាវុធ​នៅក្នុង​រថភ្លើង​មួយ​ខ្សែ​នៅ Yangon កាលពី​ខែ​ហី​ហា ២០២១ បណ្ដាលឱ្យ​ប៉ូលិស ៥ នាក់ បាត់បង់​ជីវិត។

មី​យ៉ាន​ម៉ា បាន​ធ្លាក់​នៅក្នុង​ភាពវឹកវរ បន្ទាប់ពី​កងទ័ព​ប្រទេស​នេះ បានធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​លោកស្រី Aung San Suu Kyi ក៏​ដូ​ជា​ប្រធានាធិបតី រួម​នឹង​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូប និង​ឡើងកាន់​អំណាច​ចាប់ពី​ខែកុម្ភៈ ២០២១។ បាតុកម្ម​ជាច្រើន​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ ហើយ​ក៏បាន​ក្លាយជា​អំពើហិង្សា និង​ការតស៊ូ​ប្រដាប់អាវុធ ប្រឆាំងនឹង​កម្លាំង​រដ្ឋ​ប្រហារ៕

Advertisement