លោកខាងលិច​ជិត​ដល់​ថ្ងៃ​កំណត់​តម្លៃ​ពិតាន​សម្រាប់​ប្រេង​របស់​រុស្ស៊ី

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក បានឱ្យដឹងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​សម្ព័ន្ធមិត្ត​គ្រោង​នឹង​កំណត់​តម្លៃ​ពិតាន​លើ​ប្រេង​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃទី 05 ធ្នូ 2022 ដើម្បី​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​សំខាន់​របស់ ទីក្រុង​មូ​ស្គូ។

កាលពី​ថ្ងៃទី 22 វិច្ឆិកា មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក និយាយថា សហភាព​អឺរ៉ុប (EU) កំពុង​ប្រមូល​មតិ​របស់​សមាជិក​ស្ដីពី​តម្លៃ ហើយ​លោកខាងលិច​នឹង​អនុវត្ត​ជំហាន​បន្ទាប់​ដើម្បី​កំណត់​តម្លៃ​ពិតាន​របស់ ប្រេង​រុស្ស៊ី ក្រោយពី​នីតិវិធី​នានា​ត្រូវបាន​បំពេញ​រួចរាល់។

តម្លៃ​ពិតាន​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ទណ្ឌកម្ម​ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 05 ធ្នូ 2022 ដែល​ហាមឃាត់​បណ្ដា​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ផ្គត់ផ្គង់​ការធានា​រាប់​រង​ដល់​ប្រេង​របស់ រុស្ស៊ី ដែល​លក់​ក្នុងតម្លៃ​ខ្ពស់ជាង​ការកំណត់។

មន្ត្រី​ខាងលើ​បន្ថែមថា មិនមាន​មូលហេតុ​ណាមួយ​ដែល​ឱ្យគេ​យល់ថា ទីក្រុង​មូ​ស្គូ នឹង​សងសឹក​ចំពោះ​គោលនយោបាយ​ថ្មី​នេះ ព្រោះថា «សកម្មភាព​ណាមួយ​ក្នុង​បំណង​ដំឡើងថ្លៃ​នឹង​ជះឥទ្ធិពល​ដល់​អតិថិជន​ថ្មី​របស់​ពួកគេ មានដូចជា ឥ​ណ្ឌ និង ចិន ជាដើម»។

ក្រុមមន្ត្រី​របស់លោក​ខាងលិច​និយាយថា តម្លៃ​ពិតាន​នៅតែ​អនុញ្ញាតឱ្យ រុស្ស៊ី រកបាន​ប្រាក់ចំណេញ ប៉ុន្តែ មិន​អនុញ្ញាតឱ្យ​ពួកគេ​មាន​ប្រភព​ចំណូល​ធំ​ពី​ការឡើង​ថ្លៃ​ប្រេង។

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដែល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី 24 កុម្ភៈ 2022 បានធ្វើឱ្យ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង នាំមក​នូវ​ប្រាក់ចំណេញ​យ៉ាង​សម្បើម​ដល់ រុស្ស៊ី ហើយ​ជួយ​ឱ្យ​ប្រទេស​នេះ​កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​ដែល​លោកខាងលិច​បានដាក់​លើ ទីក្រុង​មូ​ស្គូ។ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ឱ្យដឹងថា ការកំណត់​តម្លៃ​ពិតាន​លើ​ប្រេង មិន​ត្រឹមតែ​ដើម្បី​ដកហូត​ប្រភព​ចំណូល​របស់ រុស្ស៊ី នោះទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឡើង​ថ្លៃ​ថាមពល​នៅ​ទូទាំង​ពិភពលោក​ផងដែរ៕

Advertisement