តេ​ឡេ​ស្កុប James Webb រកឃើញ​កាឡាក់ស៊ី​ចំនួន​ពីរ​ក្នុងចំណោម​កាឡាក់ស៊ី​ចំណាស់​បំផុត

តេឡេស្កុប​អវកាស James Webb

ដោយមាន​សមត្ថភាព «សង្កេតមើល​អតីតកាល» កំពូល​តេ​ឡេ​ស្កុប James Webb របស់ ណា​សា (NASA) កំពុងតែ​នាំមក​នូវ​ទស្ស​នី​យ​ភាពមិន​ធ្លាប់​បានឃើញ​ពីមុនមក ស្ដីពី​ចក្រវាល​ក្នុងដំណាក់កាលដំបូង។

យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal Letters កាលពី​ថ្ង​ស​ទី 17 វិច្ឆិកា តេ​ឡេ​ស្កុប James Webb បាន​សង្កេតឃើញ​កាឡាក់ស៊ី​ពីរ ក្នុងចំណោម​កាឡាក់ស៊ី​វ័យចំណាស់ៗ និង​ឆ្ងាយ​បំផុត​ក្នុង​ចក្រវាល រួមមាន GlASS-z12 និង GLASS-z10។

កាឡាក់ស៊ី GlASS-z12 បាន​បញ្ចេញ​ពន្លឺ​រយៈពេល 350 លាន​ឆ្នាំ ក្រោយ​ករណី​ផ្ទុះ Big Bang ខណៈដែល GlASS-z10 កើនឡើង​ប្រហែល 250 លាន​ឆ្នាំ ក្រោយ​ប​ន្ទុះ Big Bang។ មុន​នោះ កាលពី​ឆ្នាំ 2016 តេ​ឡេ​ស្កុប​អវកាស Hubble បាន​រកឃើញថា GN-z11 ដែល​កាលណោះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា កាឡាក់ស៊ី​ចំណាស់​បំផុត ដោយ​កកើតឡើង​ប្រហែល 400 លាន​ឆ្នាំ ក្រោយ​បន្ទុះ​ Big Bang។ ប​ន្ទុះ Big Bang បាន​កើតឡើង​កាលពី 13.8 ពាន់​លាន​ឆ្នាំមុន ប៉ុន្តែ បច្ចុប្បន្ន ទ្រឹស្ដី​នេះ​ហាក់​កំពុង​ត្រូវ​រង្គោះរង្គើ​ដោយសារ​​របកគំហើញថ្មីៗរបស់ James Webb។

បើទោះជា​ការរកឃើញ​ខាងលើនេះ​គឺជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ ក្រុម​ស្រាវជ្រាវ​យល់ថា ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​វិភាគ និង​កំណត់​ឱ្យដឹង​ច្បាស់​អំពី​អាយុកាល​របស់ GlASS-z12 និង GLASS-z10៕

កាឡាក់ស៊ីពីរដែលទើបត្រូវបានរកឃើញ ស្ថិតនៅខាងក្រៅនៃបណ្ដុំកាឡាក់ស៊ី Abell 2744
កាឡាក់ស៊ី GlASS-z10 (1) និង GLASS-z12 (2)
Advertisement