ភពក្រហមនៅក្បែរផែនដី ជិត «ហែកកម្ទេច» ព្រះចន្ទដ៏ «អភ័ព្វ»

ភពអង្គារ និង​ព្រះចន្ទ​របស់​វា

លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​មួយ​បានបង្ហាញ​ភ័ស្ដុតាង​ដ៏​គួរឱ្យ​ភ័យខ្លាច​មួយ​បាន​បង្ហាញថា ព្រះ​ចន្ទ Phobos ដែលជា​ភព​រណប​អភ័ព្វ​បំផុត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ជិត​ក្លាយជា​អតីតកាល និង​បាត់ស្រមោល​ពី​ចក្រវាល។

មិន​ស្អាត​ដូច​ព្រះ​ចន្ទ​របស់​ផែនដី​នោះទេ ព្រះ​ចន្ទ​របស់​ភព​អង្គារ​មាន​ទំហំ​តូច​ខ្លាំង និង​មា​នស​ណ្ឋា​ចម្លែក ដែល​គេ​ប្រៀបប្រដូច​ទៅនឹង​មើមដំឡូង​បារាំ។ ពេលនេះ ការស្រាវជ្រាវ​មួយ​ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី The Planetary Science Journal បានឱ្យដឹងថា «មើមដំឡូង​បារាំង» នេះ ជិត​បាត់​ខ្លួន​ជា​រៀងរហូត។

ដោយ​ប្រើប្រាស់​ទិន្នន័យ​របស់​បណ្ដា​យាន​សង្កេត​នានា​របស់ ណា​សា ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Tsinghua, សាកលវិទ្យាល័យ Beihang ប្រទេស​ចិន និង​សាកលវិទ្យាល័យ Arizona របស់ សហរដ្ឋ​អាម៉េរិក យល់ថា ព្រះ​ចន្ទ Phobos ជិត​ត្រូវបាន​ភព​អង្គា​រហែក​កម្ទេច​ទាំងស្រុង។

រូប​ព្រះចន្ទ Phobos ដែល​ថតបាន​ដោយ​យាន​ Curiosity នៅ​លើ​ភព​អង្គារ​កាល​ពី​ឆ្នាំ​ 2021

សញ្ញា​ដែល​ច្បាស់​បំផុត​គឺ​បណ្ដា​ជ្រលង​ទន្ទឹមគ្នា​ដ៏​ចម្លែក​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ដែលមាន​អង្កត់ផ្ចិត 27 គីឡូម៉ែត្រ​នេះ កើតឡើង​ដោយសារ​កម្លាំង​ទំនាញ​ដែល​ខុសគ្នា​ឆ្ងាយ​របស់​ភព​អង្គារ។ មុននោះ ជ្រលង​ខាងលើ​ត្រូវបាន​គេ​យល់ថា​ជា​លទ្ធផល​នៃ​ការប៉ះទង្គិច​ជាមួយនឹង​អាចម៍ផ្កាយ​បុរាណ​មួយ ប៉ុន្តែ ទិន្នន័យ​ថ្មី​បង្ហាញថា ជ្រលង​ភ្នំ​ដែល​ពេញ​ដោយ​ធូលី​នេះ​កំពុងតែ​រីក​មាឌធំឡើងៗ។

ព្រះ​ចន្ទ Phobos របស់​ពិភព​ព្រះ​អង្គារ

អ្នកវិទ្យាសាស្ត្រ​បកស្រាយ​ថា ព្រះ​ចន្ទ​របស់​មនុស្ស វិល​ជុំវិញ​ផែនដី​ប្រកបដោយ​ស្ថិរភាព។ ចំណែក​ព្រះ​ចន្ទ Phobos វិញ ចេះតែ​ខិតចូល​ជិត​ភព​អង្គារ។ បើទោះជា Phobos ចាក​ផុតពី​ការដែល​ត្រូវ​ហែក​កម្ទេច​នៅលើ​អាកាស ប៉ុន្តែ មុន និង​ក្រោយ វា​ក៏​នឹងត្រូវ​បាន​ភព​អង្គារ​អូស​ទម្លាក់​មកក្រោម​មិន​ខាន។ ព្រឹត្តិការណ៍​ប៉ះទង្គិច​ដែល​មាន​កម្លាំង​ដ៏​មហាសាល​នេះ​នឹង​កើតឡើង​ប្រហែល 40 លាន​ឆ្នាំ​ខាងមុខ៕

Advertisement