ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន កក​ស្ទះ​​ជិត​ 10 ​គីឡូ​ម៉ែត្រ​ នៅ​​វៀតណាម​ បន្ទាប់​ពី​​មាន​​គ្រោះ​ថ្នាក់​រថយន្ត

ក្បាល​រថយន្ត​ដឹក​កុងតឺន័រ​ធ្លាក់​ទៅលើ​ផ្លូវ បន្ទាប់ពី​បុក​រថយន្ត​ដឹក​ផ្លែ​ឪឡឹក បណ្ដាលឱ្យ​ផ្លូវ​ល្បឿន​លឿន​ព្រៃនគរ-ទ្រុង​លឿង នៅ វៀតណាម ត្រូវ​កកស្ទះ​ជិត 10 គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី 18 វិច្ឆិកា​នេះ។

នៅវេលា​ប្រហែល​ម៉ោង 3 ទៀបភ្លឺ​ថ្ងៃនេះ រថយន្ត​ដឹក​ផ្លែ​ឪឡឹក​នៅលើ​ផ្លូវ​ល្បឿ​លឿន​ហូជីមិញ-ទ្រុង​លឿង (HCM-Trung Luong) ដែល​កំពុង​ឆ្ពោះទៅកាន់​ភាគ​ខាងលិច បាន​ផ្ទុះ​កង់ ត្រូវ​ឈប់​លើ​ដងផ្លូវ។ រថយន្ត​ដឹក​កុងតឺន័រ​ដែល​បរ​ពីក្រោយ​មិនអាច​គេចផុត ក៏​បុក​ពេញ​មួយ​ទំហឹង។

ការប៉ះទង្គិច​នេះ​បណ្ដាលឱ្យ​ក្បាល​រថយន្ត​កុងតឺន័រ​ខ្ទាត​ទៅលើ​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់ ធ្វើឱ្យ​អ្នកបើកបរ​ត្រូវរបួស និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់។ ចំណែក​រថយន្ត​ដឹក​ផ្លែ​ឪឡឹក​ក៏​ខ្ទាត​ទៅលើ​បន្ទាត់​ខណ្ឌ​ចែកផ្លូវ ផ្លែ​ឪឡឹក​រាប់ពាន់​ផ្លែ​ធ្លាក់​ពេញ​ដី ធ្វើ​ឱ្យ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវ​កកស្ទះ​ប្រវែង​ប្រហែល 10 គីឡូម៉ែត្រ។

ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ទ្រុង​លឿង ដែលមាន​ប្រវែង 62 គីឡូម៉ែត្រ និង​មាន 4 គន្លង​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ 2010។ នេះ​គឺជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​ភាគខាងត្បូង (កម្ពុជា​ក្រោម) របស់ វៀតណាម ដែល​ភ្ជាប់​ពី​ទីក្រុង​ព្រៃនគរ (ហូជីមិញ) ទៅ​នឹង​​​ខេត្តឡុងអាន (Long An) និង មេ ស (Tien Giang)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​បើកបរ​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ/ម៉ោង៕

Advertisement