ចាក់​ជះ​ធាតុ​រាវ​ក្នុង​ពិព័រណ៍​សាកសព​អប់ (ម៉ាំ​មី/Mummy) ដើម្បី​អំពាវនាវ​ឱ្យ​ការពារ​បរិស្ថាន (វីដេអូ)

(អេ​ស្ប៉ា​ញ)-ក្រុម​សកម្មជន​បរិស្ថាន​នាំគ្នា​ចាក់ និង​ជះ​ធាតុ​រាវ​ទៅលើ​ទូ​ដាក់​សាកសព​អប់​ដែល​គេ​ហៅថា ម៉ាំ​មី (Mummy) នៅក្នុង​សារមន្ទីរ​មួយ​នៅ Barcelona ក្នុង​បំណង​អំពាវនាវ​ឱ្យមាន​សកម្មភាព​ការពារ​បរិស្ថាន។

សកម្មជន​បរិស្ថានពីរ​រូប បាន​ចាក់ និង​ជះ​ធាតុ​រាវ​ពណ៌​ប្រផេះ និង​ក្រហម​ពី​ដប​ទឹក​សុទ្ធ ទៅលើ​ទូកញ្ចក់​ការពារ​សាកសព​អប់​ដែល​គេ​ដាក់​ជាការ​បង្ហាញ​ត្រាប់ ព្រមទាំង​ជះ​ធាតុ​រាវ​នោះ​ទៅលើ​ស៊ុម​រូបគំនូរ​ដែល​ព្យួរ​ជុំវិញ​ជញ្ជាំង​នៅក្នុង​សារមន្ទីរ​អេ​ហ្ស៊ី​ប នៅ Barcelona កាលពី​ថ្ងៃទី 13 វិច្ឆិកា។

បន្ទាប់មក ពួកគេ​ដាក់​ដៃ​ទៅលើ​ប្រអប់​កញ្ចក់​តាំង​បង្ហាញ និង​លើក​បដា​ដែល​សរសេរថា «យុត្តិធម៌​អាកាសធាតុ»។ នៅពេល​ក្រុមប៉ូលិស​មកដល់ សកម្មជន​បរិស្ថាន​ទាំងពីរ​នាក់​ក៏បាន​សហការ និង​មិន​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ ខាង​សារមន្ទីរ​និយាយថា នឹងដាក់​ពាក្យ​ប្ដឹង​ដើម្បី​ទាមទារ​សំណង។

សកម្មជន​ខាងលើ​ស្ថិតក្នុង​ក្រុម Futuro Vegetal ដែលជា​អ្នកការពារ​បរិស្ថាន​នៅ ប្រទេស​អេ​ស្ប៉ា​ញ និង​ធ្លាប់​បានដាក់​ដៃ​ទៅលើ​រូបគំនូរ​នៅក្នុង​សារមន្ទីរ Prado នៅ ម៉ា​ឌ្រី​ដ កាលពីដើម​ខែវិច្ឆិកា។

នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​នៅក្នុង​ចំណោម​បាតុកម្ម​របស់​ក្រុម​ការពារ​បរិស្ថាន។ កន្លងមក ពួកគេ​ធ្លាប់​ជះ​ទឹក​ស៊ុប​ទៅលើ​គំនូរ​របស់ Vicent van Gogh នៅ ទីក្រុង​ឡុង​ដ៍ និង រ៉ូម ព្រមទាំង​បាន​ប៉ាត​ដំឡូងបារាំង​កិន​ទៅលើ​ផ្ទាំង​គំនូរ​ដែល​ជា​កំពូល​ស្នាដៃ​របស់​វិចិត្រករ Monet។

ក្រុម Futuro Vegetal បានឱ្យដឹងថា ករណី​បាតុកម្ម​ថ្មី​បំផុតនេះ​​គឺ​ដើម្បី «បង្ហាញ​នូវ​ស្ថានការណ៍​បន្ទាន់» ដែល​ពិភពលោក​កំពុង​ប្រឈម។ «បច្ចុប្បន្ន កាកសំណល់​ជ័រ 99% នៅលើ​ពិភពលោក​ត្រូវបាន​ផលិតឡើង​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល» ក្រុម​នេះ​អះអាង​ដូច្នេះ។

Futuro Vegetal ចង់ឱ្យ អេ​ស្ប៉ា​ញ ឈប់​ផ្ដល់ជំនួយ​ដល់​វិស័យ​ចិញ្ចឹមសត្វ និង​ស្នើឱ្យ​ប្រើប្រាស់​ប្រាក់​ជំនួយ​នេះ​ដើម្បី​ជំរុញ​ការផលិត​អាហារ​ដែលមាន​ប្រភពពី​រុក្ខជាតិ៕

Advertisement