ថ្ងៃទី ៨៨ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា មិន​ព្រម​ចុះចាញ់ រុស្ស៊ី ជាដាច់ខាត

ទាហាន​អ៊ុយក្រែន នៅ​ក្នុង​សមរភូមិ Donbass កាលពី​ខែ​មេសា ២០២២

អ៊ុយ​ក្រែ​ន ទាត់ចោល​បទបញ្ជា​ឈប់​បាញ់ ឬ​ការធ្វើសម្បទាន​ទឹកដី​ណាមួយ​ចំពោះ រុស្ស៊ី ជាដាច់ខាត នៅពេលដែល មូ​ស្គូ បង្កើន​ការវាយប្រហារ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​នេះ។

គោលជំហរ​របស់ ទីក្រុង​កៀវ កាន់តែ​មានការ​ប្ដេជ្ញា​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ នៅពេលដែល រុស្ស៊ី ជួប​ឧបសគ្គ​នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ហើយ​ក្រុមមន្ត្រី​ប្រទេស​នេះ​ព្រួយបារម្ភ​ថា ពួកគេ​អាច​ត្រូវ​បង្ខំ​ឱ្យ​បោះបង់​ទឹកដី​មួយចំនួន​ដើម្បី​ប្ដូរ​យក​កិច្ចព្រមព្រៀង​សន្តិភាព។

«សង្គ្រាម​ត្រូវតែ​បញ្ចប់​ដោយ អ៊ុយ​ក្រែ​ន យកមក​វិញ​នូវ​បូរណភាព និង​អធិបតេយ្យភាព​ទឹកដី​ទាំងស្រុង» ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Andriy Yermak បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី ២២ ឧសភា ២០២២។

Mykhailo Podolyak អ្នកចរចា​ថ្នាក់​កំពូល និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២១ ឧសភា បាន​ទាត់ចោល​លទ្ធភាព​ដែលថា អ៊ុយ​ក្រែ​ន ធ្វើ​សម្បទាន​ទឹកដី ក៏ដូចជា​ការអំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់ ដោយ​ថ្លែងថា ប្រការ​ទាំងនោះ​គឺ​មានន័យថា កងទ័ព​រុស្ស៊ី នឹង​ស្ថិតនៅក្នុង​តំបន់​នានា​នៃ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដែល​ពួកគេ​កំពុង​កាន់កាប់ នេះ​គឺជា​ប្រការ​ដែល ទីក្រុង​កៀវ មិនអាច​ទទួលយកបាន។

«កងកម្លាំង​រុស្ស៊ី ត្រូវតែ​ចាកចេញ​ពី​ទឹកដី ហើយ​ក្រោយមក ដំណើរការ​សន្តិភាព​អាច​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ» Podolyak ប្រាប់​សារព័ត៌មាន Reuters ដូច្នេះ និង​បញ្ជាក់ថា ការធ្វើសម្បទាន​នឹងមិន​មាន​ប្រសិទ្ធភាព ព្រោះថា រុស្ស៊ី នឹង​ឆ្លៀ​ក​យក​ឱកាស​នោះ​ដើម្បី​ពង្រឹង​ខ្លួន​ឱ្យ​ខ្លាំងក្លា​ជាង​មុន។

Advertisement