កូរ៉េខាងត្បូង ប្រកាស​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ Taegeuk ដើម្បី​ទប់ទល់​នឹង កូរ៉េខាងជើង

ទាហាន​កូរ៉េខាងត្បូង ចូលរួម​សមយុទ្ធ​យោធាមួយ​នៅ Paju កូរ៉េខាងត្បូង

នា​ថ្ងៃទី 04 វិច្ឆិកា​នេះ កងទ័ព​កូរ៉េខាងត្បូង បានប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រចាំឆ្នាំ​ដែលមាន​ឈ្មោះថា Taegeuk នៅ​សប្ដាហ៍​ក្រោយ ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​សំណាក់ កូរ៉េខាងជើង។

យោងតាម អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង សមយុទ្ធ​ថ្នាក់​បញ្ជាការដ្ឋាន​នេះ​នឹង​អូស​បន្លាយពេល 4 ថ្ងៃ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 07 វិច្ឆិកា។ សមយុទ្ធ​នេះ​នឹងធ្វើ​ការហ្វឹកហាត់​សមត្ថភាព​ប្រយុទ្ធ​នៅ​ចំពោះមុខ​ការគំរាមកំហែង​នានា ក្នុងនោះ​ក៏មាន​កម្មវិធី​មី​ស៊ី​ល​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងជើង និង​សកម្មភាព​បង្កហេតុ​នានា​ក្នុងពេលថ្មីៗនេះ​របស់ ទីក្រុង​ព្យុងយ៉ាង។

បណ្ដា​សមយុទ្ធ​ការពារ​បែបនេះ មិន​រួមបញ្ចូល​ជាមួយនឹង​ការហ្វឹកហាត់​នៅលើ​ទីតាំង​ជាក់ស្ដែង​នោះទេ ប៉ុន្តែ​នឹង​ផ្ដោតទៅលើ​ការបង្កើន​សមត្ថភាព​ដោះស្រាយ​វិបត្តិ និង​សមត្ថភាព​សម្រប​ខ្លួន​ទៅក្នុង​សម័យ​សង្គ្រាម។

សមយុទ្ធ​លើ​កុំព្យូទ័រ​នេះ​នឹងមាន​ការចូលរួម​រប​ស់ប​ណ្ដា​ទីបញ្ជាការ​ប្រយុទ្ធ​របស់​ទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស​របស់ កូរ៉េខាងត្បូង៕

Advertisement