អេ​ស្ប៉ា​ញ ៖ បាតុករ​រាប់ពាន់នាក់​​ទាម​ទារ​ឱ្យ​និយោជក​ដំឡើង​ប្រាក់ខែ

បញ្ហា​អតិផរណា​នៅ ប្រទេស​អេ​ស្ប៉ា​ញ បាន​ថយ​ចុះមក​នៅត្រឹម 7.3% ក្នុង​ខែតុលា​ឆ្នាំនេះ បើ​ធៀប​នឹង​ជាង 10% ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ ចំណែក​ប្រាក់ខែ​វិញ បាន​ឡើង​តែ 1% ប៉ុណ្ណោះ ដែល​នេះ​ធ្វើឱ្យ​ជីវភាព​របស់​ពលករ​ត្រូវ​ធ្លាក់​ទៅក្នុង​ស្ថានភាព​លំបាក។

ពលរដ្ឋ​អេ​ស្ប៉ា​ញ រាប់ពាន់នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅលើ​ទីលាន Plaza Mayor នៅ រាជធានី​ម៉ា​ឌ្រី​ដ ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ។ នេះ​គឺជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ​ប្រទេស​នេះ រាប់​ចាប់ពី​វិបត្តិ​នៃ​ការចំណាយ​ក្នុងការ​រស់នៅ។

ក្រុមបាតុករ​នាំគ្នា​លើក​បដា​ដែល​សរសេរ​ពាក្យស្លោក និង​ស្រែក​ហ៊ោ​ជយឃោស​ន៍​ទាមទារ​ឱ្យ​និយោជក​ដំឡើង​ប្រាក់ខែ ក្នុង​គ្រា​ដែល​ទំនិញ​ឡើងថ្លៃ​ខ្ពស់។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ SER លោក Unai Sordo អគ្គលេខាធិការ​នៃ​សហជីព​ធំ​បំផុត​នៅ អេ​ស្ប៉ា​ញ CCOO បាន​សង្កត់ធ្ងន់ថា បំណង​ខាងលើ​របស់​ពលករ​គឺជា​រឿង​សមស្រប។

ក្រុម​សហជីព​នៅ អេ​ស្ប៉ា​ញ ចង់ឱ្យមាន​ការដំឡើង​ប្រាក់ខែ​ប្រហែល​ពី 4 ទៅ 4.5% នៅក្នុង​ឆ្នាំនេះ និង ពី 2.5 ទៅ 3% នៅក្នុង 2 ឆ្នាំ​បន្តបន្ទាប់​ខាងមុខ។

អតិផរណា​នៅ អេ​ស្ប៉ា​ញ បាន​ថយចុះ​មក​នៅ 7.3% ក្នុង​ខែតុលា​ឆ្នាំនេះ ធៀប​នឹង​ជាង 10% ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ។ ក៏ប៉ុន្តែ អត្រា​នេះ​នៅតែ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​អំឡុងពេល​ដទៃ។

អតិផរណា​កើនឡើង​ខ្ពស់ រួម​នឹង​បញ្ហា​ឱនភាព​សេដ្ឋកិច្ច ភាគច្រើន​គឺជា​លទ្ធផល​នៃ​ផលប៉ះពាល់​របស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ស្ថានភាព​រអាក់រអួល​នៃ​ប្រភព​ផ្គត់ផ្គង់​ឥន្ធនៈ និង​ឧស្ម័ន​ដែល​នាំ​ចូលទៅ អឺរ៉ុប៕

Advertisement