មុនពេល​បាក់ និង​សម្លាប់​មនុស្ស​ជាង​រយ​នាក់ ស្ពាន​យោល​នៅ​ឥណ្ឌា ត្រូវបាន​ជួសជុល​ដោយ «ក្រុមហ៊ុន​ផលិត​នាឡិកា»

ស្ពាន​យោល Morbi ត្រូវបាន​ក្រុមហ៊ុន​ផលិត​នាឡិកា​ជួសជុល​ក្នុង​រយៈពេល 6 ខែ មុនពេល​បាក់ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 141 នាក់​ត្រូវ​បាត់បង់​ជីវិត។

ស្ពាន​យោល​ឆ្លងកាត់​ទន្លេ Machchhu ក្នុង​ទីរួមស្រុក Morbi រដ្ឋ Gujarat បាន​បាក់​កាលពី​ព្រលប់​ថ្ងៃទី 30 តុលា ក្រោយពី​បើក​ឱ្យ​ឆ្លងកាត់​ឡើងវិញ​បាន 4 ថ្ងៃ។ ស្ពាន​ដែលមាន​ទទឹង 1.25 ម៉ែត្រ និង​បណ្ដោយ​ជាង 230 ម៉ែត្រ​នេះ ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ 1877 ហើយ​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល​ក្នុង​រយៈពេល 6 ខែ។

ការជួសជុល​ស្ពាន​នេះ​ត្រូវបាន​ក្រុមហ៊ុន Oreva ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​រដ្ឋ Gujarat ទទួលខុសត្រូវ​ទៅតាម​កិច្ចសន្យា 15 ឆ្នាំ​ជាមួយនឹង​អាជ្ញាធរ​ឥណ្ឌា។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា Oreva ដែលជា​អ្នកជំនាញ​ខាង​ផលិត​នាឡិកា និង​ម៉ូតូ​អគ្គិសនី បែរជា​ទទួលបាន​សិទ្ធិ​ជួសជុល​ស្ពាន​នេះ។

សារព័ត៌មាន​ឥណ្ឌា បានឱ្យដឹងថា Oreva បាន​ជួល​ក្រុមហ៊ុន​ម៉ៅការ​សំណង់​មួយ​គឺ Devprakash Solutions ទទួលបន្ទុក​បញ្ហា​បច្ចេកទេស​ក្នុងការ​ជួសជុល។ ក្រោយពី​បាន​បើក​ឱ្យប្រើ​ប្រាស់​ឡើងវិញ​កាលពី​ថ្ងៃទី 26 តុលា Oreva ទទួលបាន​សិទ្ធិ​យក​ថ្លៃ​ពី​អ្នក​ឆ្លងកាត់ 0.21 ដុល្លារ​អាម៉េរិក/ម្នាក់។

Sandipsinh Zala ដែលជា​មន្ត្រី​មួយរូប​របស់​រដ្ឋ Gujarat បាន​ថ្លែងថា Oreva បាន​បើក​ឱ្យប្រើ​ប្រាស់​ស្ពាន​នេះ​ដោយ​ចិត្ត​ឯង នៅពេល​រដ្ឋ​មិនទាន់​អនុញ្ញាត។ Sandeep Singh ដែលជា​មន្ត្រី​មួយរូប​ផ្សេងទៀត​បានឱ្យដឹងថា តាម​ធម្មតា «មាន​មនុស្ស​តែ 20 ទៅ 25 នាក់ ឆ្លងកាត់​ស្ពាន​ក្នុងពេល​តែមួយ» ដើម្បី​ការពារ​សុវត្ថិភាព។

ក្រុមមន្ត្រី​ឥណ្ឌា ឱ្យដឹងថា នៅពេល​ស្ពាន Morbi បាក់ គឺមាន​មនុស្ស​ជិត 500 នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី និង​កុមារ កំពុងស្ថិត​នៅលើ​ស្ពាន និង​នៅ​ជុំវិញ​ស្ពាន ដើម្បី​ចូលរួម​ពិធីបុណ្យ​ពន្លឺ Diwali របស់​សាសនា​ហិណ្ឌូ។

ក្រុមមន្ត្រី​ស្រាវជ្រាវ​បាន​ប្រមូល​សំណាក​របស់​ស្ពាន​នេះ និង​បាន​រកឃើញថា មូលហេតុ​នៃ​ករណី​បាក់​គឺ​ដោយសារ​មនុស្ស​ច្រើន​លើស​ចំណុះ។

ចំណែក Jaysukhbhai Patel ប្រធាន​ក្រុមហ៊ុន Oreva និយាយថា ក្រុមហ៊ុន​យក​ថ្លៃ​អ្នក​ឆ្លងកាត់​ស្ពាន​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​មនុស្ស​ឆ្លងកាត់​ច្រើន ប៉ះពាល់​ដល់​គុណភាព​របស់​ស្ពាន។

ប៉ូលិស​ឥណ្ឌា បាន​បើក​ការស៊ើបអង្កេត និង​បាន​ចាប់ខ្លួន​អ្នកទទួលខុសត្រូវ​ក្នុងការ​ជួសជុល ថែទាំ និង​គ្រប់គ្រង​ស្ពាន​នេះ ចំនួន 9 នាក់ ប៉ុន្តែ​មិនទាន់​ប្រកាស​អំពី​អត្តសញ្ញាណ​របស់​មនុស្ស​ទាំងនេះ​នៅឡើយ៕

Advertisement