រត់ជាន់​គ្នា​ «ស្រដៀងករណីកោះពេជ្រ» នៅ សេអ៊ូល ៖ មនុស្ស​រាប់​សិប​នាក់​គាំង​បេះដូង

មនុស្ស​យ៉ាង​តិច​ 50 នាក់​ត្រូវ​ការ​ជំនួយ​ដង្ហើម​បន្ទាន់​ព្រោះ​តែ​គាំង​បេះដូង​នៅ​ក្នុង​ករណី​រត់​ជាន់​គ្នា​​ក្នុង​ពិធីបុណ្យ​ Halloween នៅ​តំបន់ Itaewon នៃ រដ្ឋធានី​របស់​ ប្រទេស​កូរ៉េខាងត្បូង។

ក្រុម​មន្ត្រី​នៅ សេអ៊ូល បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​រត់​ជាន់​គ្នា​នេះ​ត្រូវ​បាន​រាយការណ៍​នៅ​ម៉ោង​ 22 និង 15 នាទី (ប្រហែល​ម៉ោង 20 និង 15​​ នាទី នៅ​ កម្ពុជា) ទាក់​ទិន​នឹង​ពិធី​ជប់លៀន​បុណ្យ Halloween នៅ​តំបន់ Itaewon។

យោង​តាមស្ថិតិ​បឋម​ មនុស្ស​ 100 នាក់​បាន​រង​គ្រោះ​​ក្នុង​ហេតុការណ៍​នេះ ក្នុង​នោះ​មាន​ប្រហែល 50 នាក់​ត្រូវ​ការ​ធ្វើចលនា​បេះដូង និង​សួត​ជា​បន្ទាន់​ និង​ត្រូវ​​បាន​គេ​បញ្ជាក់​ថា បេះដូង​ឈប់​ដើរ​។

សារព័ត៌មាន​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា ហេតុការណ៍​​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​សណ្ឋាគារ Hamilton នេះ អាច​បណ្ដាល​មក​ពី​មនុស្ស​ច្រើន​នាំ​គ្នា​សម្រុក​ចូល​ទៅ​កាន់​បារ​មួយ​កន្លែង បន្ទាប់​ពី​ដឹង​ថា មាន​បុគ្គលល្បី​ឈ្មោះ​ម្នាក់​បង្ហាញ​ខ្លួន​នៅ​ទីនោះ​។

ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី​របស់​ កូរ៉េខាងត្បូង បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ជន​រង​គ្រោះ​ឱ្យ​បាន​លឿន​បំផុត​ និង​អស់​ពី​សមត្ថភាព​។

ក្រុមមន្ត្រី​សុខាភិបាល និង​អង្គភាព​ដោះ​ស្រាយ​ហេតុ​ការណ៍បន្ទាន់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​មន្ទីរ​ពេទ្យ​នៅ​ក្បែរ​ៗ​នោះ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ត្រៀម​កន្លែង​សម្រាប់​សង្គ្រោះ​បន្ទាន់​ផងដែរ​។

អាជ្ញាធរ​សេអ៊ូល កំពុង​រៀប​ផែនការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុការណ៍​ដ៏​សោក​សៅ​នេះ​។

កូរ៉េខាង​ត្បូង​ ធ្លាប់​កើត​មាន​ហេតុ​ការណ៍រត់​ជាន់​គ្នា​​ជា​ច្រើន​លើ​មក​ហើយ ក្នុង​នោះ ករណី​កាល​ពី​ឆ្នាំ​ 2005 នៅ​ទីក្រុង Sangju បាន​សម្លាប់​មនុស្ស​ 11 នាក់​ និង 60 នាក់​រងរបួស​។ 4 ឆ្នាំ​ក្រោយ​មក ករណី​រត់​ជាន់​គ្នាមួយ​​នៅ Changyeong ក៏បាន​សម្លាប់​មនុស្ស​ 4 នាក់ និង​របួស​ជាង 60 នាក់​។

Advertisement