ឆេះ​នាវាទេសចរណ៍​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​មនុស្ស​ជាង​ 10 នាក់​បាត់បង់ជីវិត

នាវាទេសចរណ៍​មួយ​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ និង​ក្រុម​នាវិក​ 254 នាក់ បាន​ឆាប​ឆេះ​នៅ​លើ​សមុទ្រ​របស់ ឥណ្ឌូណេស៊ី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច 14 នាក់​។

នាវា​ KM Express Cantika 77 កាល​ពី​ថ្ងៃទី 24 តុលា បាន​កើត​មាន​អគ្គិភ័យ​នៅ​ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង Kupang ខេត្ត Nusa Tengara ខាង​កើត ឆ្ពោះ​ទៅ​កាន់​ទីរួម​ស្រុក Kalabahi នៅ​លើ​កោះ​ Alor។ អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ចេញពី​ជាន់​ខាង​លើ​បង្អស់​របស់​នាវា​ បណ្ដាល​ឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់​​ត្រូវ​លោត​ចូលទៅ​ក្នុង​សមុទ្រ​។

ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជូន​កប៉ាល់​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ខណៈ​កប៉ាល់​របស់​ប្រជា​នេសាទ​ក៏​ចេញ​ទៅ​ជួយ​។

បេសក​កម្ម​សង្គ្រោះ​បាន​ជួយ​ជីវិត​មនុស្ស 241 នាក់ ក្នុង​ចំណោមភ្ញៀវ​ និង​ក្រុម​នាវិក​​ 254 នាក់​ ​ដែល​ស្ថិត​នៅ​លើ​នាវា​ ខណៈ​ដែល​ «មនុស្ស 13 នាក់​បាន​ស្លាប់» នេះ​បើ​តាម AFP ដក​ស្រង់​សម្ដី​របស់​ Isyak Nuka ប្រធាន​មន្ទីរ​ដឹក​ជញ្ជូន​ខេត្ត Nusa Tenggara ខាង​កើត​។ ទំព័រ​ Nusadaily បាន​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​មាន​ចំនួន​ 14 នាក់​។

សមត្ថកិច្ច​របស់ ឥណ្ឌូណេស៊ី កំពុង​ស្រាវ​ជ្រាវ​រក​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​។ ព័ត៌មាន​ដំបូង​បាន​ឱ្យ​ដឹង​ថា នាវា KM Express Cantika 77 មាន​សមត្ថភាព​ផ្ទុក​មនុស្ស 250 នាក់​។

Advertisement