ខ្មាន់​កាំភ្លើង​ម្នាក់​​បាញ់រះ​ក្នុងសាលា​រៀន​នៅ សហរដ្ឋ​អាម៉េរិក ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

ជនដៃដល់​បាន​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​ និង​បង្ក​របួស​ស្នាម​ដល់​មនុស្ស​ច្រើន​នាក់​នៅ​ឯសាលា​រៀន​មួយ​​ក្នុង​រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក មុន​ពេល​ប្រយុទ្ធ​ជា​មួយ​ក្រុម​ប៉ូលិស​ និង​ត្រូវ​បាន​កម្ចាត់​។

ករណី​បាញ់​រះ​នេះ​កើត​ឡើង​នៅ​ឯវិទ្យាល័យ​​​សិល្បៈ​ទស្សនីយភាព​ និង​សម្ដែង​​ (CVPA) ក្នុង​ទីក្រុង St. Louis នៃ​រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក កាល​ពី​ព្រឹក​ថ្ងៃទី ២៤ តុលា នៅ​ពេល​ជន​ដៃដល់​ប្រើ​ប្រាស់​កាំភ្លើង​វែង​បាញ់​ប្រហារ​ទៅ​លើ​មនុស្ស​ម្នា​។

ស្នងការ​ប៉ូលិស​ក្រុង St. Louis លោក Michael Sack បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​ប្រយុទ្ធ​ជាមួយ​ខ្មាន់​កាំភ្លើង​។ ជន​សង្ស័យ​ត្រូវ​គ្រាប់​ និង​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​។

ជនរងគ្រោះ​ ៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ក្នុង​នោះ​មាន​នារី​ពេញ​វ័យ​ម្នាក់ និង​សិស្ស​ស្រី​ម្នាក់​ត្រូវ​បាន​បញ្ជាក់​ថាបាន​ស្លាប់​បន្ទាប់​ពី​ទៅ​ដល់​មន្ទីរពេទ្យ​។ លោក Sack ឱ្យ​ដឹង​ថា ពួក​គេ​បាន​ស្លាប់​ដោយ​សារ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​។

អត្តសញ្ញាណ​ជន​សង្ស័យ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ ប៉ុន្តែ ក្រុមមន្ត្រី​និយាយ​ថា ខ្មាន់​កាំភ្លើង​មាន​អាយុ​ជាង ២០ ឆ្នាំ​ និង​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​អំពើ​បាញ់​ប្រហារ​នេះ​៕

Advertisement